(ភ្នំពេញ)៖ ពលករខ្មែរមួយក្រុមទៀតនៅប្រទេសថៃ បានអំពាវនាវឱ្យពលករទាំងអស់ ឈប់ចាញ់បោកទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមតទៅទៀត ចំពោះការឃោសនារៃអង្គាសប្រាក់ឱ្យទណ្ឌិតរូបនេះចូលប្រទេស ព្រោះតែលោកបានប្រកាសហើយថា នឹងមិនវិលត្រឡប់ដូចការសន្យាទេ។
ពលករខ្មែរទាំងនោះ មានការសោកស្តាយដែលឃើញពលករដូចគ្នាមួយចំនួនតូច បានចាញ់បោកក្រុមរបស់ លោក សម រង្ស៉ី ដែលបានដើររៃអង្គាសថវិកាពីពលករ នៅប្រទេសថៃ និងប្រទេសកូរ៉េខាងត្បូងរួចហើយ បែរជាប្រកាស មិនវិលត្រឡប់ចូលប្រទេសកម្ពុជា តាមការសន្យា។
សូមបញ្ជាក់ថា លោក សម រង្ស៉ី មេដឹកនាំចលនាសង្រ្គោះជាតិ បានប្រកាសតាមរយៈបណ្តាញសង្គម Facebook ឱ្យដឹងកាលពីខែកុម្ភៈកន្លងទៅថា ការភ្នាល់របស់លោក ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើសេរីភាពរបស់ លោក កឹម សុខា គឺត្រូវបានចាត់ទុកថាជា «មោឃៈ»។ ការប្រកាសបញ្ចប់ការភ្នាល់នេះ បានធ្វើឡើងបន្ទាប់ពីមេដឹកនាំអតីតគណបក្សប្រឆាំង ដែលតែងរត់ទៅក្រៅប្រទេសរូបនេះ ក្រឡាស់សម្តីមិនត្រឡប់មកប្រទេសកម្ពុជា តាមការសន្យា ក្រោយពេលរៃអង្គាសថវិកាពីអ្នកគាំទ្រមួយចំនួន នៅក្រៅប្រទេស។
ក្នុងពេលប្រកាសចាត់ទុកការភ្នាល់នេះជាមោឃៈ លោក សម រង្ស៉ី បានលើកហេតុផលដោយមិនសមទំនងថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកកែប្រែលក្ខខន្តិកៈភ្នាល់ទៅវិញ។ លោក សម រង្ស៉ី បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «គាត់ (សម្តេចតេជោ ហ៊ុន សែន) បានក្រឡាស់ពាក្យសម្តីរបស់គាត់ ហើយកែប្រែលក្ខខណ្ឌនៃការភ្នាល់គ្នានេះ ដោយដាក់បញ្ចូលលក្ខខណ្ឌថ្មីមួយ គឺការលើកលែងទោសពីព្រះមហាក្សត្រ ដែលលក្ខខណ្ឌនេះ មិនមានចែងនៅក្នុងការភ្នាល់គ្នាពីដើមទីឡើយ។ ការកែប្រែលក្ខខណ្ឌជាឯកតោភាគី ពីសំណាក់ភាគីមួយ ក្នុងការភ្នាល់គ្នាណាមួយ ធ្វើឲ្យការភ្នាល់គ្នានោះ ក្លាយទៅជាមោឃៈ»។
ការបបួលភ្នាល់របស់លោក សម រង្ស៉ី ជាមួយសម្តេចតេជោ ហ៊ុន សែន បានកើតឡើងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយលោក សម រង្ស៉ី បានសរសេរលើបណ្តាញសង្គម Facebook កំណត់ថា ក្រោមសម្ពាធអន្តរជាតិសម្តេច ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែង លោក កឹម សុខា អាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ឬក៏យ៉ាងយូរបំផុតថ្ងៃ០៣ មីនា ២០១៩» ហើយថាបើសិនជាលោកភ្នាល់ចាញ់ សម្តេចតេជោ ហ៊ុន សែន ពោលគឺ លោក កឹម សុខា មិនត្រូវបានដោះលែងអំឡុងពេលនេះទេ លោកនឹងវិលចូលប្រទេសដើរចូលក្នុងពន្ធនាគារ តែបើលោកឈ្នះគឺសម្តេចតេជោត្រូវចុះចេញពីតំណែង។ ភ្លាមៗបន្ទាប់ពីមានការបបួលនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួល និងបានស្នើឱ្យ Fresh News ចូលរួមធ្វើជាសាក្សី។
ឆ្លើយតបភ្លាមៗ បន្ទាប់ពី លោក សម រង្ស៉ី ប្រកាសដកខ្លួនពីការភ្នាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទចម្រៀង «ទទាយំឆ្លង» វគ្គថ្មីមួយទៀត ដែលន័យខ្លឹមសារនៅក្នុងបទចម្រៀងនេះ គឺឌឺដងយ៉ាងច្បាស់ទៅកាន់ទណ្ឌិត សម រង្ស៉ី។
ចម្រៀង «ទទាយំឆ្លង» វគ្គថ្មីនិពន្ធដោយផ្ទាល់ដៃរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានន័យខ្លឹមសារយ៉ាងនេះ៖
១. ទទាយំឆ្លងត្រយ៉ងបងអើយរត់ហើយ(ពីរដង) សង្សារបងអើយរត់អីលឿនម្លេះ?។
២. បើរត់យ៉ាងហ្នឹងហេតុអ្វីធ្វើចេះ?(ពីរដង) លុយក៏អស់ឆ្នាំងក៏ប្រេះបើរត់យ៉ាងនេះ ទៅជ្រកឯណា?។
៣. បងរត់ចោលអូនអត់ធម៌មេត្តា(ពីរដង) បងភ្លេចសន្យាកាលពីគ្រាដើម។
៤. បើបងធ្លាប់រត់សុំរត់ទៀតណា(ពីរដង) រត់ទៅរៀមរ៉ាមានអ្នកប៉ាវបាយ៕