(ព្រះវិហារ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុករវៀង ខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលស្រុកសណ្តាន់ ខេត្តកំពង់ធំ ឃាត់ខ្លួនបាន បន្ទាប់ពីរត់គេចខ្លួនអស់ជាច្រើនខែ ក្រោយប្រើកាំភ្លើងកែច្នៃ បាញ់សម្លាប់ប្រពន្ធខ្លួនឯង។
លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង ខេត្តព្រះវិហារ បានឲ្យ Fresh News ដឹងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ស្រី ដោន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។ លោកបន្តថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យរូបនេះ បានសហការជាមួយកម្លាំងនគរបាលអធិការ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យរូបនេះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកអធិការស្រុកបានបន្តទៀតថា ករណីឃាតកម្មនេះ កើតឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ម្ល៉េះ។ ក្រោយហេតុការណ៍កើតឡើង ជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល។
លោកបានបញ្ជាក់ពីដំណើររឿងថា មុនពេលកើតហេតុ ប្តីប្រពន្ធនេះ បានឈ្លោះប្រកែកគ្នា រឿងប្រពន្ធឲ្យលុយទៅបងរបស់ខ្លួនតិចពេក ថ្លៃលក់ឈើ ដែលបានអារជាមួយគ្នា។ ដោយទប់កំហឹងមិនបាន ប្តីក៏ទាញកាំភ្លើងកែច្នៃ បាញ់សម្លាប់ប្រពន្ធ។ មិនតែប៉ុណ្ណោះ គ្រាប់កាំភ្លើងថែមទាំងបានធ្លាយ ទៅត្រូវកូនបណ្តាលឲ្យរបួសទៀតផង។ ក្រោយហេតុការណ៍ កើតឡើងជនសង្ស័យជាប្តី បានរត់គេចខ្លួនរហូត។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តទៅតាមច្បាប់៕