(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ ថ្លែងនូវការលើកទឹកចិត្ត និងអំពាវនាវឲ្យក្រុមហ៊ុន និងម៉ាស៊ីនកិនស្រូវក្នុងស្រុក ខិតខំប្រមូលទិញស្រូវរបស់ប្រជាកសិករ យកមកសង្ងួតស្តុកទុក ក្នុងតម្លៃសមរម្យ រួចធ្វើការកែច្នៃជាអង្ករ ដើម្បីនាំចេញ។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី ពិនិត្យមើលសកម្មភាពប្រមូលទិញស្រូវ របស់ក្រុមហ៊ុនឧកញ៉ាលឹម ប៊ុនណា នៅស្រុកស្ទោង ខេត្តកំពង់ធំ។
អ្នកគ្រប់គ្រងក្រុមហ៊ុនបានឲ្យដឹងថា ដោយទទួលបានការអំពាវនាវរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បច្ចុប្បន្នក្រុមហ៊ុនបានប្រមូលទិញស្រូវប្រាំងក្នុងតម្លៃសមរម្យ ពីប្រជាកសិករបានប្រមាណជាជាង១ម៉ឺនតោនរួចហើយ ក្នុងតម្លៃ៧១០-៧២០រៀន/គីឡូក្រាម យកមកសម្ងួត និងស្តុកទុកក្នុងឃ្លាំង ហើយកំពុងបន្តប្រមូលទិញជាបន្តបន្ទាប់ទៀត។
លោករដ្ឋមន្ត្រីចាត់ទុកសកម្មភាពនេះ គឺបានជួយជ្រោងតម្លៃស្រូវមិនឲ្យធ្លាក់ចុះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមន្លងមក ដែលបានឆ្លើយតបបានទាន់ ពេលវេលាតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ជារបស់ក្រសួងក្នុងការចូលរួមពី វិស័យឯកជនយ៉ាងមានប្រសិទ្ធភាព ដើម្បីធ្វើការប្រមូលទិញស្រូវ រួចធ្វើការកែច្នៃសម្រាប់នាំចេញ។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ស្រូវអ៉ីអ៊ែរ នៅខេត្តតាកែវតម្លៃ ៧០៣រៀលក្នុង១គីឡូក្រាម, ខេត្តព្រៃវែង ៧០៣រៀលក្នុង១គីឡូក្រាម, ខេត្តកំពង់ធំ៧០០រៀលក្នុង១គីឡូក្រាម, ខេត្តសៀមរាប ៦៦៣រៀលក្នុង១គីឡូក្រាម, ខេត្តកំពង់ចាម ៧០០រៀលក្នុង១គីឡូក្រាម ខេត្តបន្ទាយមានជ័យ៦០៣រៀលក្នុង១គីឡូក្រាម និងខេត្តបាត់ដំបង ៧៨០រៀលក្នុង១គីឡូក្រាម៕