(ស្វាយរៀង)៖ លោក ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារ ចុះជួយខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធីបតី ក្នុងពិធីប្រកាសតែងតាំងប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។

ដោយក្នុងនោះ លោក ចាន់ កុលបុត្រ ត្រូវបានតែងតាំង ជាប្រធានក្រុមការងារគណបក្ស ចុះជួយឃុំពងទឹក ស្រុករំដួល ជំនួសលោក ទេព ផល្លា ដែលត្រូវផ្លាស់ប្តូរតួនាទី មកជាអនុប្រធានក្រុមការងារវិញ។ នៅក្នុងពិធីនេះ ក៏មានការប្រកាសបញ្ចូលក្រុមការងារ ចុះជួយតាមភូមិ ឃុំប្រមាណជាង៦០នាក់ទៀត ដើម្បីពង្រឹងការងារបក្សឲ្យកាន់តែទទួល បានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ កានតែច្រើនឡើង។

លោក ជៀង អំ បានឲ្យដឹងថា ក្រុមការងារបក្សត្រូវយកចិត្តពង្រឹងផ្ទៃក្នុង សាមគ្កីភាព ទាំងរចនាសម្ពន្ធ័ក្នុងបក្ស និងការកំណែទម្រង់ឲ្យបានស៊ីជម្រៅ បង្កើនការសាមគ្គីភាពខាងក្រៅ ចាត់ទុកប្រទេសទាំងនោះ ជាដៃគូអភិវឌ្ឍ ពង្រឹងការអនុវត្តអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងួតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ចំពោះមន្ត្រីណាដែលធ្វើខុសច្បាប់ សាងអំពើអាក្រក់ប៉ះពាល់ដល់ពលរដ្ឋ និងត្រូវវះកាត់

ជាមួយគ្នានោះ លោកបានបន្ថែមទៀតថា ត្រូវបន្តផ្សព្វផ្សាយពីគោលនយោបាយរបស់បក្ស ឲ្យបានយល់ជ្រួតជ្រាប ដល់ពលរដ្ឋនៅមូលដ្ឋាន ដោះស្រាយកង្វល់នានា និងផ្តល់សេវាសាធារណៈឲ្យបានល្អ និងទូលំទូលាយដល់ពលដ្ឋ ដើម្បីការបោះឆ្នោតនៅពេលខាងមុខ គណបក្សប្រជាជននឹងទទួលបានការគាំទ្រ ពីពលរដ្ឋយ៉ាងច្រើនកុះករបន្ថែមទៀត។

លោកថា ត្រូវរួមគ្នាជួយកែលម្អសមាជិកបក្សឲ្យបានល្អ ពង្រឹងមូលដ្ឋានបក្សឲ្យរឹងមាំ ទាំងភូមិ ឃុំ ពង្រឹងចាស់ពង្រីកថ្មី ដោយពង្រឹងទៅលើយុវជន កម្មកររោងចក្រ គ្រប់គ្រងកម្លាំងមូលដ្ឋានឲ្យរឹងមាំ ទើបទទួលបានជោគជ័យ គឺមេគ្រួសារបក្ស ទៅគ្រប់គ្រងសមាជិកបក្ស តាមរយៈក្រុមគ្រួសារបក្ស។

លោក ជៀង អំ បានបញ្ជាក់ប្រាប់ក្រុមការងារបក្សថា ចាប់ពីឆ្នាំ២០២០ឡើង ទៅប្រាក់មូលនិធិឃុំ សម្រាប់អភិវឌ្ឍមូលដ្ឋាន នឹងកើនដល់១០ម៉ឺនដុល្លារក្នុង១ឆ្នាំ។ ដូច្នេះយើងមានលទ្ធភាព ក្នុងកិច្ចការងារអភិវឌ្ឍ ឲ្យកាន់តែរីកចម្រើនជាបន្តទៀត ហើយត្រូវមានជំនឿជាក់ លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោក ជៀង អំ ក៏បានណែនាំ ដល់ពលរដ្ឋឲ្យត្រូវចេះសន្សំសំចៃទឹកទុក ដោយក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តៅហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោល នៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវចាត់វិធានការថែរក្សាទឹក ទុកសម្រាប់ប្រើប្រាស់ផងដែរ។

លោកថា សូមអាជ្ញាធរដែនដី កងកម្លាំប្រដាប់អាវុធ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការការពារសន្តិសុខ សុវត្តិភាពឲ្យបាលល្អប្រសើរ ជាពិសេសអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទទួលបានជោគជ័យ ជាបន្តបន្ទាប់ ទៀត។ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវសហការជាមួយមន្ត្រីជំរឿនឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យដឹងអំពីស្ថិតិពលរដ្ឋឲ្យបានច្បាស់លាស់ ក្នុងកិច្ចការងារអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនោះ លោក ចាន់ កុលបុត្រ ដែលទើបតែតែងតាំង ជាប្រធានក្រុមការងារថ្មី បានឡើងប្តេជ្ញាចិត្ដរួមមាន៖

ទី១៖ រង់ចាំទទួល និង អនុវត្តបទបញ្ជាគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជាគ្រប់ពេលវេលា
ទី២៖ ក្នុង១ខែ យ៉ាងតិច២ដង ចុះមកជួយ និងទទួលរាល់ការសំណូមពររបស់ពលរដ្ឋ
ទី៣៖ កំណត់ភារកិច្ចក្រុមការងារទាំងអស់ ខិតខំឃោសនាជូនគណបក្សប្រជាជនកម្ពុជា ប្រមូលសមាជិក និងបង្កើតសម្លេងឆ្នោតគាំទ្រពិតប្រាកដ
ទី៤៖ យកចិត្តទុកដាក់ ការបម្រើសេវាសាធារណៈ និងគ្រប់វិស័យជូនប្រជាពលរដ្ឋ
ទី៥៖ រៀបចំកសាង គណបក្ស ស្លាក ទង់ និងការឃោសនាជាប្រចាំ
ទី៦៖ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ គៀងគរថវិកា និងធនធាន ដើម្បីអភិវឌ្ឍមូលដ្ឋាន
ទី៧៖ ត្រៀមលក្ខណៈរួចជាស្រេច រៀបចំកម្លាំងដើម្បីត្រៀមយកជោគជ័យ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ បោះឆ្នោតឃុំសង្កាត់ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា តំណាំងរាស្ត្រ២០២៣ នាពេលខាងមុខនេះ៕