(ពោធិ៍សាត់)៖ ពាក់ព័ន្ធនឹងការបើកច្រកទ្វារអន្តរជាតិនៅខេត្តពោធិ៍សាត់ និងខេត្តត្រាត ប្រទេសថៃ «ថ្មដា-បានថាសេន» ត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បង្ហាញសុទិដ្ឋិនិយមថា ច្រកទ្វារអន្តរជាតិថ្មីនេះនឹងជួយស្រូបយកកំណើនទេសចរពីប្រទេសថៃ និងទេសចរមកពីប្រទេសទីបី មកកាន់តំបន់អេកូទេសចរណ៍នានានៅតាមតំបន់ជួរភ្នំក្រវាញ ម្យ៉ាងវាក៏នឹងជួយរុញលំហូរទេសចរពីកន្លែងផ្សេងទៀត នៃប្រទេសកម្ពុជា ទៅកាន់តំបន់អេកូទេសចរណ៍ទាំងនោះផងដែរ។
ការឡើងលើកនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអង្គភាពយោធា និងនគរបាលដែលប្រចាំការនៅតាមព្រំដែន នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩។
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាបើកច្រកទ្វារអន្តរជាតិ ថ្មដា-បានថាសេន រួចមក ភាគីកម្ពុជាបានខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំហេដ្ឋារចនាសម្ពន្ធសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ ដូចជាការគូរប្លង់សាងសង់អគារអ្នកដំណើរ ដែលមានរចនាសម្ពន្ធស្របតាមស្តង់ដាអន្តរជាតិ ចំណតរថយន្ត Bus Taxis កន្លែងប្តូរប្រាក់ កន្លែងរង់ចាំ បង្គន់អនាម័យសាធារណៈ ស្ថានីយប្រេង កន្លែងលក់ដូរទំនិញ និងគម្រោងផែនការកម្មវិធីបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ដល់សមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិនេះ។
ពិសេសជាងនេះ ផ្លូវជាតិលេខ៥៦ ដែលរាជរដ្ឋាភិបាលបានខិតខំការសាងសង់យ៉ាងល្អតាមស្តង់ដាអន្តរជាតិ ឆ្លងតាត់ព្រៃភ្នំចម្ងាយប្រមាណ ១៧០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំដែនកម្ពុជា-ថៃ។
មានមតិក្នុងអង្គពិធី លោក ថោង ខុន បានបង្ហាញនូវមោទនភាពជាតិយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍហេដ្ឋាចនាសម្ពន្ធនៅក្នុងតំបន់ ដែលពោរពេញទៅដោយសក្តានុពលអេកូទេសចរណ៍ដ៏ទាក់ទាញ នៅតំបន់ជួរភ្នំក្រវាញមួយនេះ។
លោករដ្ឋមន្ត្រីបានបង្ហាញនូវសុទិដ្ឋិនិយមថា នៅពេលដែលច្រកទ្វារអន្តរជាតិ ត្រូវបានបើកជាផ្លូវការហើយនោះ ច្បាស់ជានឹងមានលំហូរទេសចរ និងអ្នកវិនិយោគជាតិ-អន្តរជាតិទៅកាន់តំបន់នេះ ក៏ដូចជានៅតំបន់ទេសចរណ៍ឆ្នេរសមុទ្រ ក្នុងប្រទេសថៃផងដែរ។
ម្យ៉ាងទៀត ដោយថ្ងៃខាងមុខដ៏ខ្លីនេះ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមអភិវឌ្ឍន៍ផ្លូវជាតិតភ្ជាប់ពីផ្លូវជាតិ៥៦ ទៅកាន់ខេត្តកោះកុងផងដែរ ដែលនេះគឺជាការតភ្ជាប់ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ពិសេសទៅកាន់តំបន់អេកូទេសចរណ៍ដ៏ធំ នៅតំបន់ជួរភ្នំក្រវាញនេះ ដែលនឹងធ្វើឱ្យតំបន់បស្ចិម និងនិរតី មានការរីកលូតលាស់យ៉ាងឆាប់រហ័ស។
លោកដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានឹងខិតខំសហការគ្នាជាមួយគ្រប់ផ្នែកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រជាសហគមន៍ អនុវត្តគោលនយោបាយអេកូទេសរណ៍ជាតិ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។
ក្នុងកិច្ចសំណេះសំណាលនោះ លោកឧកញ៉ា ទ្រី ភាព ក៏បានប្រគល់អំណោយផ្ទះបាយ១ខ្នង តម្លៃប្រមាណ ៣ម៉ឺនដុល្លារ និងអំណោយជាគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀតពីប្រតិភូផងដែរ៕