(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តីរំពឹងថា ការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី៧ ដែលធ្វើឡើងនៅខេត្តសៀមរាប ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះពេលនេះ នឹងឈានទៅដល់ការសម្រេចមួយ។

សម្តេចតេជោ បានអះអាងថា ភាពជោគជ័យនៃកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យសមាជិក RCEP រួមរស់ជាមួយគ្នា ប្រកបដោយដោយសន្តិភាព និងពោរពេញដោយសហប្រតិបត្តិការ ហើយនោះក៏ជាផ្នែកមួយនៃការដែលត្រូវទប់ទល់ជាមួយនឹងនយោបាយគាំពានិយម ឯកតោភាគីនិយម ដែលជាមូលហេតុនាំឱ្យបាត់បង់នូវសាកលភាវូបនីយកម្ម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទស្សនទានស្តីអំពីបញ្ហាតំបន់របស់យើង នឹងក្លាយទៅជាតំបន់ដែលរួមរស់ជាមួយគ្នា ដោយសន្តិភាព និងពោរពេញដោយសហប្រតិបត្តិការ ហើយនោះក៏ជាផ្នែកមួយនៃការដែលត្រូវទប់ទល់ជាមួយនឹងនយោបាយគាំពានិយម ឯកតោភាគីនិយម ដែលជាមូលហេតុនាំឱ្យបាត់បង់នូវសាកលភាវូបនីយកម្ម និងចរិតសកលរបស់វា»

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចតេជោ​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអន្តរ​កិច្ចប្រជុំ​ RCEP​ ថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL MM) នៅសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ (Regional FTA) ដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការចរចា ដែលមានប្រទេសចូលរួមចរចាចំនួន១៦ រួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៦ (អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់)។

RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលផ្អែកលើកុងសង់ស៊ីសសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ដែលបានប្រកាសឱ្យចាប់ផ្តើមចរចាក្នុងឆ្នាំ២០១២ នៅកម្ពុជា។ RCEP មានទំហំ GDP ជិត ៣០% នៃ GDP ពិភពលោក (គិតត្រឹមឆ្នាំ២០១៤) មានប្រជាជនស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកសរុប, មាន ៣១,៦% នៃផលិតកម្មពិភពលោក, ២៨,៥% នៃពាណិជ្ជកម្មពិភពលោក និងមួយភាគប្រាំ (១/៥) នៃលំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ពិភពលោក (គិតត្រឹមឆ្នាំ២០១៦)។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រទេសអាស៊ានទាំង១០ បូកនឹងដៃគូទាំង០៦ ដែលសុទ្ធតែមានគំនិតផ្តួចផ្តើមស្រប និងប្រហែលគ្នានោះ នឹងធ្វើការសម្រេចជោគជ័យទៅលើក្របខណ្ឌមួយនេះ ដែលជាការធ្វើសំយោគ រវាងទស្សនទានស្តីអំពីបញ្ហារបស់ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី និងចិនជាដើម។

សម្តេចបានថ្លែងថា «ដូច្នេះយើងត្រូវយកចំណុចនេះ សំយោគ ក៏ជាចំណុចជោគជ័យ នៃប្រទេសទាំងអស់ដែលបានដាក់ចេញ ដើម្បីសុខដុមបនីយកម្ម និងភាពរុងរឿង នៅក្នុងតំបន់របស់យើងផងដែរ»។ សម្តេចបានបន្តថា បើគ្មានចំណុចនេះកើតឡើងទេ គំនិតផ្តួចផ្តើមទាំងឡាយ ក៏មិនអាចក្លាយទៅជាចំណុចជាក់ស្តែងដែរ៕