(ភ្នំពេញ)៖ កម្ពុជានឹងក្លាយជាប្រទេសទី១ ដែលប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) មុនគេនៅក្នុងតំបន់អាស៊ាន។ នេះបើតាមការចុះផ្សាយរបស់ Facebook ផ្លូវការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ។
ក្រសួងប្រៃសណីយ៍បានបង្ហោះរូបភាព ស្តីពីដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រី ត្រាំ អ៉ីវ តឹក និងគណៈប្រតិភូក្រសួង ចូលរួមក្នុង «មហាសន្និបាតទូរស័ព្ទចល័តពិភពលោកឆ្នាំ២០១៩-Mobile World Congress 2019-MWC19» ជាមួយនឹងខ្លឹមសារយ៉ាងដូច្នេះថា «បណ្តាប្រទេសធំៗ នៅលើពិភពលោក មាន ចិន កូរ៉េ រុស្ស៊ី សហភាពអឺរ៉ុប និងបណ្តាប្រទេសដទៃទៀត កំពុងត្រៀមខ្លួនក្នុងការដាក់ឲ្យប្រើប្រាស់ បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) នៅក្នុងពេលខាងមុខឆាប់ៗនេះ។ ព្រះរាជាណាចក្រកម្ពុជា ក៏កំពុងត្រៀមខ្លួន ហើយនឹងអាចជាប្រទេសទី១ ដែលប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) មុនគេនៅក្នុងតំបន់អាស៊ាន»។
ក្រុមហ៊ុន Cellcard របស់អ្នកឧកញ៉ា គិត ម៉េង កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួននឹងនាំយកនូវបច្ចេកវិទ្យាទូរគមនាគមន៍ 5G មកកាន់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីបានធ្វើតេស្តបច្ចេកវិទ្យា 5G របស់ខ្លួន ដោយជោគជ័យ នៅក្នុងប្រទេសចិនរួចមក។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏គ្រោងនឹងបំពាក់ប្រព័ន្ធអ៉ីនធឺណិត គ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi) ដើម្បីបម្រើសេវាអ៊ីនធឺណិតល្បឿនលឿន និងសេវាកម្ម Online ផ្សេងទៀត ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាបផងដែរ។
លោករដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថា ការបំពាក់ប្រព័ន្ធអ៉ីនធឺណិត គ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi) នៅរមណីយដ្ឋានអង្គរ ត្រូវចំណាយពេលសាងសង់១ឆ្នាំ។