(កណ្ដាល)៖ បុរសម្នាក់ជាប្រធានក្រុមហ៊ុនអចលនទ្រព្យ រកស៉ីពុះដីឡូតិ៍លក់ តែក្រោយពីអតិថិជនទិញកក់លុយហើយ បែរជាគ្មានដីឲ្យអតិថិជន ក៏ត្រូវអ្នកទិញប្ដឹងទៅសមត្ថកិច្ច ចុះទៅឃាត់ខ្លួនតែម្ដងទៅ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងរបស់លោកពិតជាបានឃាត់ខ្លួនជនខាងលើមែន ដោយជនសង្ស័យ ដែលត្រូវសមត្ថកិច្ចរបស់លោកឃាត់ខ្លួន មានឈ្មោះ ភាព ប៊ុនធា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតារាជ ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មានមុខរបរជាប្រធានក្រុមហ៊ុន ប៊ុនធា អចលនទ្រព្យ BTR ។
ក្នុងនោះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ទី១. កាំភ្លើងខ្លីម៉ាក K59 លេខEP7974, បង់០១គ្រាប់១២ និងស្រោមកាំភ្លើង០៤ ។ ទី២. ទូរស័ព្ទដៃ០៣គ្រឿង។ ទី៣. ត្រាមូល(ក្រុមហ៊ុនអចនលទ្រព្យ BTR។ ទី៤. នាមប័ណ្ណក្រុមហ៊ុនមួយដុំ។ ទី៥. ប័ណ្ណបើកបររថយន្ដ០១។ ទី៦. លិខិតបញ្ជាបេសកកម្ម ឈ្មោះ ភាព ប៊ុនធា អាវុធម៉ាកK59 លេខ7974។
ទី៧. លិខិតបញ្ជាបេសកកម្មគេហទំព័រ អេជីជីញូធីវីអនឡាញ០១ ។ ទី៨. កាតអ្នកសារព័ត៌មាន០១។ ទី៩. កិច្ចសន្យាលក់ដី និងទទួលប្រាក់កក់០១ក្បាល។ ទី១០. កាបូបដៃ ពណ៌ខ្មៅ០១។ ទី១១. សៀវភៅកត់ត្រា០២ក្បាល។ ទី១២. រថយន្ដម៉ាក TUNDRA ពណ៌ស ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 2AR-5086 មួយគ្រឿង។
ចំណែកជនរងគ្រោះមានចំនួន៣នាក់៖ ទី១. ឈ្មោះ វង្ស សុខខេង ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ទី២. ឈ្មោះ ភឿន សាក់ឡេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី៣. ឈ្មោះ ហុង លឹមហូរ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមដំណើររឿង បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ឈ្មោះ ហុង លឹមហូរ ឈ្មោះ ភឿន សាក់ឡេង និងឈ្មោះ វង្ស សុខខេង ដោយអ្នកទាំងបីខាងលើ បានទៅទិញដីពុះឡូតិ៍ពីក្រុមហ៊ុន ប៊ុនធា អចលនទ្រព្យBTR ដែលមានទីតាំងនៅចំណុច ភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល និងទីតាំងមួយទៀត នៅចំណុចភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ឈ្មោះហុង លឹមហូរ ទិញ២ឡូតិ៍ស្មើនឹង ១០X២០ ម៉ែត្រ ក្រុមហ៊ុនយកលុយកក់មុន ១.៩២០ដុល្លារអាមេរិក ឈ្មោះ ភឿន សាក់ឡេង ទិញដី០២ឡូតិ៍ ស្មើនិង ១០X ២០ម៉ែត្រ យកលុយកក់មុន ២.០០០ដុល្លារអាមេរិក និងឈ្មោះ វង្ស សុខខេង ទិញដី ១ឡូតិ៍ឲ្យលុយក្រុមហ៊ុន ភាព ប៊ុនធា មុនចំនួន៣.០០០ដុល្លារអាមេរិក។
សរុបទឹកប្រាក់អ្នកទាំង៣ខាងលើ ក្រុមហ៊ុន ភាព ប៊ុនធា យកលុយអស់ចំនួន៦.៩២០ដុល្លារអាមេរិក ដោយសរុបទំហំដីចំនួន៥ឡូតិ៍ ស្មើនឹង (២៥X២០ម៉ែត្រ) ដោយឈ្មោះ ភាព ប៊ុនធា ជាប្រធានក្រុមហ៊ុនសន្យាថា នឹងចេញប្លង់រឹងឲ្យក្នុងរយៈពេលបីខែក្រោយ។ លុះដល់ថ្ងៃកំណត់អ្នកទាំងបីខាងលើ បានមកសួររកប្លង់ និងដីស្រាប់តែ ឈ្មោះ ភាព ប៊ុនធា ឆ្លើយថាគ្មានដីឲ្យទេ ហើយបានគេចវេស និងមិនព្រមទទួលខុសត្រូ វជាមួយជនរងគ្រោះឡើយ ទើបភាគីជនរងគ្រោះសម្រេចដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចចុះទៅឃាត់ខ្លួនតែម្ដង ដើម្បីចាត់ការតាមច្បាប់៕