(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព បើកអន្តរកិច្ចប្រជុំរដ្ឋសមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅទឹកដីអង្គរ ខេត្តសៀមរាប។
ថ្លែងក្នុងពិធីដ៏មានតម្លៃនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមជាថ្មីម្តងទៀត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំអន្តរកិច្ចប្រជុំរដ្ឋមន្ត្រី លើកទី៧ នាពេលនេះ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា កម្ពុជាក៏ដូចជាប្រទេសសមាជិក RCEP ទាំងអស់ សូមអបអរសាទរចំពោះវឌ្ឍនភាព នៃការចរចាកិច្ចព្រមព្រៀង ដែលកំពុងបោះជំហានដល់ដំណាក់កាលការចរចាចុងក្រោយ ប្រកបដោយជោគជ័យ និង សូមថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌូនេស៊ី ដែលកំពុងដើរតួនាទីជាអ្នកសម្របសម្រួលដឹកនាំការចរចានេះ។
ដើម្បីឲ្យអន្តរកិច្ចប្រជុំរដ្ឋសមន្ត្រីលើកទី៧ នៅទឹកដីអង្គររបស់កម្ពុជា ទទួលបានជោគជ័យនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែកនូវអនុសាសន៍ចំនួន៣ សម្រាប់ជាមូលដ្ឋានក្នុងការពិចារណា និង
រៀបចំការពិភាក្សាចរចារួមមាន៖
ទី១៖ ប្រទេសសមាជិកនៃភាគីចរចាទាំងអស់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់, ត្រូវចាត់ទុកការចរចានាពេលនេះ គឺជាដំណើរការ «ឈ្នះឈ្នះ» ដែលគ្រប់ភាគីអាចទទួលយកបានទាំងអស់គ្នា ហើយដែលលទ្ធផលនៃការចរចាកិច្ចព្រមព្រៀងនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់គ្រប់ភាគី ទោះក្នុងកម្រិតខុសគ្នាយ៉ាងណាក៏ដោយ។
ទី២៖ ប្រទេសសមាជិកនៃភាគីចរចាទាំងអស់ ទោះបីជាមានរបៀបវារៈសេដ្ឋកិច្ចផ្សេងៗគ្នា ត្រូវតែនាំគ្នាពិនិត្យកិច្ចព្រមព្រៀង RCEP នេះ ដោយស្មារតីទទួលខុសត្រូវទៅលើទិដ្ឋភាពជារួម ដែលមានសក្តានុពល និង អត្ថប្រយោជន៍ ដើម្បីឱ្យដំណើរការនៃការចរចា អាចប្រព្រឹត្តទៅដោយរលូន ហើយជំនះបាននូវឧបសគ្គដែលនៅសេសសល់ ដើម្បីបញ្ចប់កិច្ចចរចាឱ្យបានទាន់ពេលវេលា ដែលបានកំណត់ប្រកបដោយតម្លាភាព។
ទី៣៖ សូមអំពាវនាវប្រទេសសមាជិក ចូលរួមចរចាកិច្ចព្រមព្រៀង RCEP ទាំងអស់ ត្រូវមានឆន្ទៈនយោបាយ ហើយសូមផ្តល់ការណែនាំដល់សមាជិក នៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនេះ ប្រកបដោយភាពទន់ភ្លន់ ការយោគយល់គ្នា និង ការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ស្របតាមគោលការណ៍ណែនាំ ដែលបានឯកភាពគ្នា កាលពីឆ្នាំ២០១២ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ នៅទីក្រុងភ្នំពេញ។ ជាពិសេសទៀត, ចំពោះបញ្ហាប្រទេសសមាជិក ACEP ដែលជាប្រទេសអភិវឌ្ឍមានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ ត្រូវមានឆន្ទៈក្នុងការផ្តល់ប្រព្រឹត្តកម្មពិសេស និងការបើកច្រកទីផ្សារដល់ប្រទេសអភិវឌ្ឍតិចតួច ដែលមានទំហំសេដ្ឋកិច្ចនៅតូច ដើម្បីជំរុញការលើកទឹកចិត្តប្រទេសទាំងនោះ ឱ្យចូលរួមយ៉ាងសកម្មក្នុងចលនាពាណិជ្ជកម្ម សេរីពហុភាគីប្រកបដោយតម្លាភាព។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ (Regional FTA) ដែលកំពុងស្ថិតក្នុងដំណាក់កាល នៃការចរចា ដែលមានប្រទេសចូលរួមចរចាចំនួន១៦ រួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៦ (អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់)។
RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលផ្អែកលើកុងសង់ស៊ីសសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ដែលបានប្រកាសឱ្យចាប់ផ្តើមចរចាក្នុងឆ្នាំ២០១២ នៅព្រះរាជាណាចក្រកម្ពុជា។ RCEP មានទំហំ GDP ជិត៣០% នៃ GDP ពិភពលោក (គិតត្រឹមឆ្នាំ២០១៤) មានប្រជាជនស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកសរុប, មាន ៣១.៦% នៃផលិតកម្មពិភពលោក, ២៨.៥% នៃពាណិជ្ជកម្មពិភពលោក និងមួយភាគប្រាំ (១/៥) នៃលំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ពិភពលោក (គិតត្រឹមឆ្នាំ២០១៦)៕