(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសមួយចំនួន រួមទាំងបញ្ហាប្រទេសមហាអំណាចធំៗ ប្រកាន់យកគោលនយោបាយឯកតោភាគី និងទ្វេភាគី ដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យគំនិតគាំពារនិយមមានការកើនឡើង ដែលកត្តានេះអាចធ្វើឲ្យមានផលប៉ះពាល់ ដល់ការធ្វើពាណិជ្ជកម្មសេរី នៅក្នុងតំបន់របស់ប្រទេសសមាជិក RCEP។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតី អន្ដរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL MM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានរៀបចំនៅទឹកដីអង្គរ នៃខេត្តសៀមរាប។
ដោយសារកត្តាទាំងនេះ ទើបសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានជំរុញឲ្យប្រទេសសមាជិក RCEP ដែលមានប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៦ គឺអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ត្រូវរួមគ្នាខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ឲ្យបានទាន់ពេលវេលា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងពិភពលោកទាំងមូលប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈសេរី និងបើកចំហ ស្ថិតក្នុងស្ថានភាពតានតឹង និងកំពុងប្រឈមនឹងការគំរាមកំហែង ដោយសារប្រទេសមួយចំនួន រួមទាំងបញ្ហាប្រទេសមហាអំណាចធំៗ ប្រកាន់យកគោលនយោបាយ ឯកតោភាគី និងទ្វេភាគី ដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យគំនិតគាំពារនិយមមានការកើនឡើង ដែលកត្តានេះអាចធ្វើឲ្យមានផលប៉ះពាល់ដល់ ការធ្វើពាណិជ្ជកម្មសេរីនៅក្នុងតំបន់របស់ប្រទេសសមាជិក RCEP ។ ដូច្នេះប្រាកដណាស់ថា យើងត្រូវរួមគ្នាខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀង
ដ៏មានសារៈសំខាន់នេះ ឲ្យបានទាន់ពេលវេលា»។
ក្នុងប្រសាសន៍ដ៏មានខ្លឹមសារនេះ នាយករដ្ឋមន្ដ្រីរបស់កម្ពុជារូបនេះ ក៏បានគូសរំលេចថា កន្លងមក សម្ដេចបានជំរុញឲ្យរដ្ឋមន្ត្រី និងក្រុមការងារចរចាខិតខំពិភាក្សាតាមវិស័យនីមួយៗ ដើម្បីបញ្ចប់ការចរចាតាមអាណត្តិ ដែលបានកំណត់ដោយថ្នាក់ដឹកនាំ RCEP ទោះបីជាកម្ពុជាត្រូវធ្វើការកែទម្រង់ លិខិតបទដ្ឋានច្បាប់មួយចំនួន និងត្រូវធ្វើតាមការសម្របសម្រួលជាមួយ បញ្ហាប្រទេសដៃគូដទៃទៀតក៏ដោយ។
បន្ថែមពីនេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានឲ្យដឹងដែរថា ប្រជាជន RCEP ទាំង១៦ប្រទេស មានរហូតដល់៤៥%នៃចំនួនប្រជាជនសរុបនៅលើពិភពលោក ហើយមានផលិតផលក្នុងស្រុកសរុបជិត៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក។ ចំណែកពាណិជ្ជកម្មប្រទេស RCEP មាន២៨.៥% នៃពាណិជកម្មពិភពលោក ហើយផលិតកម្មប្រទេស RCEP មាន៣១.៦% នៃផលិតកម្ម៕