(ក្រចេះ)៖ មន្ទីរអប់រំខេត្តក្រចេះ បានរៀបចំការប្រលងសិស្សពូកែថ្នាក់ខេត្ត ដើម្បីជំរើសយកសិស្សពូកែ ដែលមាននិទ្ទេសល្អយកទៅប្រលងថ្នាក់ជាតិ នៅខែមេសា ខាងមុខនេះ សិស្សដែលចូលរួមប្រលងលើកនេះ មកពីវិទ្យាល័យ និងអុវិទ្យាល័យនៅតាមបណ្ដាស្រុកនាន នៅទូទាំងខេត្ត។

ពិធីប្រលងជ្រើសរើសសិស្សពូកែនេះ គឺធ្វើឡើងរយៈពេលមួយថ្ងៃពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩នេះ ដែលប្រព្រឹត្តឡើងនៅវិទ្យាល័យក្រចេះក្រុង ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។

បើតាមលោក ឡាយ បូរា ប្រធានមន្ទីរអប់រំខេត្តក្រចេះ បានឱ្យដឹងថា ការប្រលងនេះបេក្ខជនសរុបចូលរួមប្រលងចំនួន២៤៨នាក់ មកពីរវិទ្យាល័យ អនុវិទ្យាល័យតាមបណ្ដាស្រុកនីមួយៗទូទាំងខេត្ត ហើយការប្រលងនេះមានចំនួន៣វិញ្ញាសារ គឺវិញ្ញាសារភាសារខ្មែរ, គណិតវិទ្យា និងរូបវិទ្យា។

លោក ឡាយ បូរា បានបន្តទៀតថា បេក្ខជនប្រលងថ្នាក់ទី១២ មានចំនួន៧៥នាក់ វិញ្ញាសារខ្មែរ មានចំនួន២៥នាក់ វិញ្ញាសារគណិតវិទ្យា មានចំនួន២៥នាក់ វិញ្ញាសាររូបវិទ្យាមានចំនួន២៥នាក់ និងបេក្ខជនថ្នាក់ទី៩ វិញ្ញាសារខ្មែរមានចំនួន៥៧នាក់ វិញ្ញាសារគណិតវិទ្យា មានចំនួន៥៨នាក់ វិញ្ញាសាររូបវិទ្យា មានចំនួន៥៤នាក់៕