(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោក ផនផុត ផេនផាត អភិបាលខេត្តស្រះកែវ ប្រទេសថៃ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដឹកនាំប្រតិភូខេត្ត ចូលរួមប្រជុំសម្ព័ន្ធស្តីពី ការបង្កើនសម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការ ភាពស្និតស្នាល រវាងខេត្តជាប់ព្រំដែនទាំងពីរ នៅសណ្ឋាគារឥណ្ឌូឆៃណា ស្រុកអារញ្ញា ខេត្តស្រះកែវ ប្រទេសថៃ។
កិច្ចប្រជុំ និងពិភាក្សាការងារខាងលើនេះ ក៏បានបើកច្រកតំបន់ព្រំដែន៤៣ មានទីតាំងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទល់នឹងភូមិណូនម៉ាក់មុន ឃុំគោកស៊ូង ស្រុកគោកស៊ូង ខេត្តស្រះកែវ, បញ្ហាសុខាភិបាល, ពិភាក្សាការងារពលករចំណាកស្រុក និងបញ្ហាប័ណ្ណព្រំដែន (Border pass)។
លោក សួន បវរ បានថ្លែងថា កិច្ចសហប្រតិបត្តការជាអន្តរជាតិរវាងខេត្តទាំង២ ជាពិសេសសម្ព័ន្ធនៃខេត្តទាំងពីរ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា និងខេត្តស្រះកែវ របស់ថៃ រក្សាបាននិងគោរពយ៉ាងខ្ជាប់ខ្ជួននូវឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី និងមានទំនាក់ទំនងល្អ លើគ្រប់វិស័យ មានវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សិក្សាធិការ សុខាភិបាល ទេសចរណ៍ វប្បធម៌ កីឡា សាសនា។ និងធ្វើឱ្យតំបន់ព្រំដែនទទួល បាននូវសុខសន្តិភាពក្លាយជាតំបន់ប្រកបដោយ សក្តានុពលលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចេរណ៍ដែលអាចបង្ករភាពងាយស្រួល ដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានបន្តថា កន្លងមកភាគីទាំងពីរ តែងតែមានកិច្ចប្រជុំប្តូរវេនគ្នា ធ្វើទស្សនកិច្ចសិក្សា និងពិភាក្សាដោះស្រាយ ដើម្បីទប់ស្កាត់នូវបទល្មើសឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការរត់ពន្ធទំនិញខុសច្បាប់ និងខូចគុណភាពជាដើម។ ក្រៅពីនេះក៏មានកិច្ចការមួយចំនួនកំពុងអនុវត្តន៍រួមគ្នា គឺការកសាងស្ពានរថភ្លើង នៅច្រកអន្តរជាតិប៉ោយប៉ែត ការស្ថាបនាស្ពានឆ្លងកាត់ ព្រំដែនស្ទឹងបត់ និងកិច្ចការមួយចំនួនក្នុងការត្រៀមបើកច្រក៤៣ជាដើម។
ជាមួយគ្នានេះដែលោក ផនផុត ផេនផាត ក៏បានសម្តែងការស្វាគមន៍ចំពោះប្រតិភូខេត្តបន្ទាយមានជ័យ នៅក្នុងដំណើរទស្សនកិច្ច ប្រជុំស្តីពីការបង្កើនសម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការ ភាពស្និតស្នាល រវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នាពេលនេះ គឺជាការរឹតចំណងសាមគ្គីភាព សហប្រតិបត្តិការ និងបង្កើនភាពស្និតស្នាលគ្នារវាងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនកម្ពុជា-ថៃ ដែលជាប្រទេសមានភូមិផងរបងជាប់គ្នា។
ទន្ទឹមនឹងនេះដែរខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ជាខេត្តសម្ព័ន្ធមេត្រីភាពគ្នាដ៏យូរមកហើយ ខេត្តយើងទាំងពីរ តែងតែមានកិច្ចសហប្រតិបត្តការជាអន្តរជាតិ រក្សាបាននិងគោរពយ៉ាង ខ្ជាប់ខ្ជួននូវឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី និងមានទំនាក់ទំនងល្អលើគ្រប់វិស័យ មានវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សិក្សាធិការ សុខាភិបាល ទេសចរណ៍ វប្បធម៌ កីឡា សាសនា រួមគ្នាដោះស្រាយបញ្ហានានានៅតាមព្រំដែនដោយទ្វេភាគី។
នៅក្នុងកិច្ចប្រជុំពិភាក្សាយ៉ាងយកចិត្តទុកដាក់រវាងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ក៏បានឯកភាព និងចុះហត្ថលេខាលើកំណត់ហេតុ រួមជាគោលការណ៍ បើកច្រកតំបន់ព្រំដែន៤៣ (ដោយឱ្យក្រុមហ៊ុនវិនិយោគ និងក្រុមការងារនៃប្រទេសទាំងពិនិត្យ និងធ្វើការអនុវត្តន៍ តាមគោលការណ៍ច្បាប់ នៃប្រទេសទាំង២) និងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អថែមទៀត លើវិស័យវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សិក្សាធិការ សុខាភិបាល ទេសចរណ៍ វប្បធម៌ កីឡា សាសនា និងការអនុវត្តន៍ការប្រើប្រាស់ប័ណ្ណព្រំដែន (បដឺផាស) ដែលរាជរដ្ឋាភិបាលនៃប្រទេសទាំង២ បានឯកភាពឱ្យខេត្តជាប់ព្រំដែននឹងគ្នាមានសិទ្ធចេញជូនពលរដ្ឋប្រើប្រាស់ដែន។
ជាកិច្ចបញ្ចប់លោក សួន បវរ និងលោក ផនផុត ផេនផាត បានអញ្ជើញចុះពិនិត្យមើលទីតាំងផ្ទាល់ផងដែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទល់នឹងភូមិណូនម៉ាក់មុន ឃុំគោកស៊ូង ស្រុកគោកស៊ូង ខេត្តស្រះកែវ នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ និងបន្តទស្សនកិច្ច នៅប្រាសាទស្តុកកក់ធំ នៅស្រុកគោកស៊ូង ខេត្តស្រះកែវផងដែរ ត្រៀមរៀបចំបើកនាពេលឆាប់ខាងមុខនេះ៕