(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរពិធីបុណ្យទន្លេលើកទី៥ ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។
ក្នុងសារលិខិត សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម ចូលរួមឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឱ្យបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩នេះ និងពិធីបុណ្យទន្លេជាបន្តបន្ទាប់ទៀត ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។
សម្ដេចបានបញ្ជាក់ថា ផ្លែផ្កានៃសន្តិភាពបានជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ហើយដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងផ្ដល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា ភាពសម្បូបែបនៃសក្ដានុពលទេសចរណ៍តាមដងទន្លេ បាននិងកំពុងរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់ និងរួមចំណែកសម្រេចចក្ខុវិស័យ «អាស៊ានជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក និងប្រកបដោយភាពកក់ក្ដៅ» ស្របពេលដែលទេសចរណ៍តាមទន្លេ ជាពិសេសទេសចរណ៍មេគង្គ បានក្លាយជាផលិតផលទេសចរណ៍សំខាន់មួយសម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ាន។
ខាងក្រោមនេះ ជាសារលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៖