(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំស្ដីពី ការអនុវត្តការងារជំរឿនទូទៅប្រជាជន នៅរាជធានីភ្នំពេញ ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីឲ្យការងារជំរឿនទូទៅប្រជាជន នៅរាជធានីភ្នំពេញ ឆ្នាំ២០១៩ ទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
*ទី១៖ គ្រប់ទីតាំងអង្គភាព ស្ថាប័ន ឬគ្រឹះស្ថាននានា ទាំងវិស័យសាធារណៈ និងវិស័យឯកជនដូចជា សណ្ឋាគារ ផ្ទះសំណាក់ មជ្ឈមណ្ឌលកំសាន្តនានា មន្ទីរពេទ្យ ផ្សារ ចំណតរថយន្ត កំពង់ផែ ព្រលានយន្តហោះ...-ល-។ ដែលមានទីតាំងស្ថិត នៅក្នុងរាជធានីភ្នំពេញ ត្រូវចូលរួម និងផ្តល់កិច្ចសហការ ជាមួយមន្ត្រីជំរឿនក្នុងការសម្ភាសន៍ជំរឿន នៅម៉ោងនៃយប់ជំរឿន (ម៉ោងសូន្យ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩)។
ដោយឡែក ទីតាំងអង្គភាពមួយចំនួន ដែលមានលក្ខណៈជាគ្រួសារស្ថាប័ន ដូចជា វត្តអារាម ពន្ធនាគារ អន្តេវាសិកដ្ឋាន និងមណ្ឌលប្រមូលផ្តុំនានា...-ល-។ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ត្រូវផ្តល់កិច្ចសហការ និងចូលរួមជាមួយមន្ត្រីជំរឿន ក្នុងការរាប់សម្ភាសន៍អ្នករស់នៅតាមស្ថាប័ន ឬគ្រឹះស្ថានទាំងនោះ ចាប់ពីថ្ងៃទី០៣-១៣ ខែមីនា ឆ្នាំ២០១៩។
*ទី២៖ ចំពោះប្រជាពលរដ្ឋដែលមានលក្ខណៈជាគ្រួសារធម្មតា ឬគ្រួសារប្រក្រតី សូមចូលរួមផ្តល់ព័ត៌មានតាម សំណួរសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ជូនដល់មន្ត្រីជំរឿន ដែលបានចុះជួបសម្ភាសន៍ផ្ទាល់តាមគ្រួសារ ក្នុងមណ្ឌលជំរឿននីមួយៗ។
*ទី៣៖ គណៈកម្មាធិការជំរឿនទូទៅប្រជាជនរាជធានី ខណ្ឌ សង្កាត់ ត្រូវបង្កើនអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន ក្នុងការដឹកនាំធ្វើជំរឿន និងជួយសម្របសម្រួល ជាមួយមន្ទីរផែនការរាជធានីភ្នំពេញ មន្ត្រីជំរឿនប្រចាំតំបន់ នៃវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ ដើម្បីឲ្យមន្ត្រីជំរឿនធ្វើការរាប់សម្ភាសន៍ប្រជាជនរស់នៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានអស់ដោយមិនរំលងចោលនរណាម្នាក់ឡើយ ព្រមទាំងត្រួតពិនិត្យតាមដានការងារជំរឿន នៅមូលដ្ឋាន ការប្រមូលបញ្ជីរសំណួរជំរឿនដែលបំពេញរួច និងការងារផ្សេងៗទៀត។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងទីតាំងអង្គភាពស្ថាប័ន ឬ គ្រឹះស្ថាននានា ទាំងវិស័យសាធារណៈ និងវិស័យឯកជនទាំងអស់ មេត្តាជ្រាប និងចូលរួមសហការអនុវត្ត តាមសេចក្តីណែនាំខាងលើនេះ ឲ្យបានល្អប្រសើរ៕
ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ៖