(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ បានឆ្លើយតបចម្ងល់ និងសំណួរមួយចំនួនទាក់ទង បញ្ហាជំរឿនទូទៅលើប្រជាជនកម្ពុជា ដែលចាប់ផ្ដើមថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។
Facebook របស់សម្ដេចក្រឡាហោម ស ខេង បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា៖
«ក្រោយការអំពាវនាវរបស់ខ្ញុំ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមជំរឿនទូទៅទូទាំងប្រទេស ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ខ្ញុំបានសង្កេតឃើញ និងបានទទួលចម្ងល់ ក៏ដូចជាសំណួរមួយចំនួនទាក់ទងបញ្ហានេះដែលខ្ញុំសុំធ្វើការបកស្រាយបំភ្លឺដូចតទៅ៖
*ទី១៖ ចំពោះចម្ងល់ដែលបានលើកឡើងថា តើប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ជាពិសេសបងប្អូនដែលកំពុងធ្វើការនៅក្រៅប្រទេស តើត្រូវឲ្យត្រឡប់ចូលមកប្រទេសដើម្បីធ្វើជំរឿនឬយ៉ាងណា?
បញ្ហានេះខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមប្រកាសជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបានជ្រាបថា៖ បងប្អូនដែលកំពុងធ្វើការនៅក្រៅប្រទេស គឺមិនតម្រូវឲ្យត្រឡប់ចូលប្រទេសនោះទេ គឺអ្នកបច្ចេកទេសធ្វើជំរឿន បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានរៀបចំឯកសារ សម្រាប់ភ្នាក់ងារតាមប្រទេសនានាដើម្បីធ្វើជំរឿនប្រជាពលរដ្ឋ ខ្មែរដែលកំពុងរស់នៅបណ្តាប្រទេសទាំងនោះ។ ដូច្នេះបងប្អូនជនរួមជាតិខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស សូមចូលរួមជាមួយភ្នាក់ងារជំរឿន ដើម្បីឲ្យការធ្វើជំរឿនមានភាពត្រឹមត្រូវ និងទទួលលទ្ធផលយកជាការបាន។
*ទី២៖ ចំពោះចម្ងល់ទាក់ទងនឹងជនបរទេសជាអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា?
បញ្ហានេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិថា៖ ការធ្វើជំរឿននេះក្រុមបច្ចេកទេសរបស់យើង បានត្រៀមឯកសារសំណួរជាច្រើនភាសារួចរាល់ហើយ ហើយកិច្ចការនេះនឹងធ្វើឲ្យយើងដឹងកាន់តែច្បាស់ អំពីបរិមាណជនបរទេសទាំងអស់ គ្រប់សញ្ជាតិ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។
ជាថ្មីម្តងទៀតសម្តេចក្រឡាហោម ស ខេង សូមអំពាវនាវដល់ប្រជាជនទូទាំងប្រទេស សូមគាំទ្រ និងចូលរួមក្នុងកិច្ចការដ៏មានសារៈសំខាន់ឲ្យបានគ្រប់ៗគ្នា ប្រកបដោយក្ដីស្មោះត្រង់ ក្នុងការផ្ដល់ព័ត៌មានតាមការសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ ជូនដល់មន្ត្រីជំរឿន ដើម្បីជាប្រយោជន៍របស់បងប្អូនជនរួមជាតិ និងដើម្បីជាផលប្រយោជន៍ នៃប្រទេសជាតិយើង។
សូមជម្រាបថា នេះជាការធ្វើជំរឿន លើកទី៣ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលជាទូទៅធ្វើឡើរៀងរាល់ ១០ឆ្នាំម្ដង ដើម្បីទទួលបានទិន្នន័យប្រជាសាស្ត្រ ជាក់លាក់ សម្រាប់ប្រើប្រាស់ រៀបចំតាក់តែងគោលនយោបាយឲ្យបានត្រឹមត្រូវ និងដើម្បីធ្វើជាសូចនាករ ក្នុងការតាមដានត្រួតពិនិត្យ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់កម្ពុជា ២០១៦-២០៣០ ដោយមិនទុកឲ្យនរណាម្នាក់ឯកោឡើយ៕