(ភ្នំពេញ)៖ លោកបណ្ឌិត Gyorgy Suha តំណាងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី និងលោកសាស្ត្រាចារ្យបណ្ឌិត Peter Szatmari សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Milton Friedman បានជួបប្រជុំពិភាក្សាជាមួយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្ដីអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងសាធារណរដ្ឋហុងគ្រី ពិសេសភាគីហុងគ្រី មានឆន្ទៈ និងប្ដេជ្ញាផ្ដល់សង្គហៈអភិវឌ្ឍន៍ (hard-infrastructure and soft-infrastructure) ក្នុងវិស័យទេសចរណ៍ ដោយជួយសាងសង់វិទ្យាសា្ថនជាតិទេសចរណ៍ និងការអភិវឌ្ឍទុនមនុស្សទេសចរណ៍ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ។
ជាក់ស្តែងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូហុងគ្រី បានជួបពិភាក្សាជាមួយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងសង្កហៈអភិវឌ្ឍន៍លើ៣វិស័យ រួមមាន៖ ទី១៖ ទេសចរណ៍, ទី២៖ អប់រំ និងទី៣៖ កសិកម្ម។
ភាគីហុងគ្រី បានចាត់ទុកខេត្តបាត់ដំបង ជាទីតាំងយុទ្ធសាស្ត្រ ក្នុងការអនុវត្តអភិវឌ្ឍន៍ និងភាពជាដៃគូរវាងកម្ពុជា-ហុងគ្រី។ នៅពេលទស្សនកិច្ចនាពេលអនាគត ហុងគ្រីនឹងនាំអ្នកជំនាញ ដើម្បីយកមកបង្រៀនទាំងវិស័យទេសចរណ៍ និងកសិកម្ម ហើយផ្ដល់អាហាររូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា។ ក្រោយកិច្ចប្រជុំ គណៈប្រតិភូហុងគ្រី បានចុះត្រួតពិនិត្យព្រលានយន្តហោះបាត់ដំបង និងទីតាំងផែទេសចរណ៍ផងដែរ។
ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខេត្តថែមទៀត ភាគីទាំងពីរ មានទស្សនវិស័យក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដូចជា ព្រលានយន្តហោះ និងផែទេសចរណ៍ សំដៅតភ្ជាប់ការធ្វើដំណើរ របស់ភ្ញៀវទេសចរមកពីខេត្តសៀមរាប និងរាជធានីភ្នំពេញ តាមផ្លូវអាកាស និងផ្លូវទឹក។
ដើម្បីជួយអភិវឌ្ឍទុនមនុស្សក្នុងវិស័យទេសចរណ៍ កសិកម្ម និងអប់រំ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នឹងមានអនុស្សារណៈយោគយល់គ្នា មួយនឹងត្រូវចុះហត្ថលេខារវាង សាកលវិទ្យាល័យបាត់ដំបង និងសាកលវិទ្យាល័យ Milton Friedman University ដោយភាគីហុងគ្រី នឹងផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរ និងជំរុញឱ្យមានផ្លាស់ប្ដូរនិស្សិតកម្ពុជា និងហុងគ្រី។ លើសពីនេះទៀត ភាគីហុងគ្រី ក៏នឹងបញ្ជូនអ្នកជំនាញ និងទីប្រឹក្សាបច្ចេកទេស មកជួយកម្ពុជាលើវិស័យទេសចរណ៍ កសិកម្ម និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ សំដៅអនុវត្តអនុស្សារណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលត្រូវបានចុះហត្ថលេខា ដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី៕