(ភ្នំពេញ)៖ ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំបើកសន្និបាតប្រចាំឆ្នាំ រយៈពេលពីរថ្ងៃ ចាប់ពី​ថ្ងៃទី០​៥ ដល់ថ្ងៃទី០​៧ ខែមីនា ឆ្នាំ​២០១៩ ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ​រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា នឹងអញ្ជើញជាអធិបតី​នៅក្នុងពិធីបិទសន្និបាត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះបញ្ជាក់ថា សន្និបាតនេះនឹងមានការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់ក្រសួង ក៏ដូចជាឯកអគ្គរាជទូត/តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជា។

ក្នុងក្របខ័ណ្ឌ នៃសន្និបាតប្រចាំឆ្នាំនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងពិនិត្យឡើងវិញពីសមិទ្ធិផល និងការប្រឈមនានានៅក្នុងឆ្នាំ២០១៨ ព្រមទាំងកំណត់ទិសដៅសម្រាប់ឆ្នាំ២០១៩។​

សន្និបាតប្រចាំឆ្នាំនេះ គឺជាកាលានុវត្តភាពសម្រាប់អ្នកការទូតកម្ពុជា ដើម្បីពង្រីកចំណេះដឹងឲ្យ កាន់តែទូលំទូលាយ ឧទ្ទេសនាមដោយវាគ្មិនសំខាន់ៗ លើបញ្ហាជាសារវ័ន្តពាក់ព័ន្ធនឹង «យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា» «ការជម្រុញការទូតសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌» និង​«ជំហររបស់កម្ពុជា លើបញ្ហាការប្រែប្រួលអាកាសធាតុ» ដែលនឹងលើកកំពស់បន្ថែមទៀតដល់ចំណេះដឹងជាក់ស្តែង ធ្វើឲ្យស៊ីជម្រៅកំរិតវិភាគ និងការយល់ដឹងទូលំទូលាយដល់អ្នកការទូតកម្ពុជា ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព៕