(ភ្នំពេញ)៖ ថ្នាំញៀន២កញ្ចប់ធំល្មម ដែលអាចច្រកជាកញ្ចប់តូចៗបានមួយចំនួន សម្រាប់ធ្វើការជួញដូរ ត្រូវកម្លាំងនគរបាលខណ្ឌឬស្សីកែវ ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ គល់ យី បានតាមស្រាវជ្រាវដកហូត ពេលឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចក្រុមទី៦ភូមិ១ សង្កាត់ច្រាំងចំរេះ១ នាវេលាម៉ោង១១៖១៥នាទីយប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩។
មន្ត្រីនគរបាលបានបញ្ជាក់ថា ការឃាត់ខ្លួនជសង្ស័យជួញដូរថ្នាំញៀននេះ បានធ្វើឡើងក្រោមការស្រាវជ្រាវ ដោយកំណត់អំពីភិនភាគ អត្តសញ្ញាណ និងរាល់សកម្មភាពចេញ-ចូល ទីតាំង និងពេលវេលា នៃប្រភពការប្រព្រឹត្តបទល្មើស ទើបឈានដល់ការបង្ក្រាបឃាត់ខ្លួនតែម្ដង ក្នុងនោះដកហូតទាំងថង់ សម្រាប់ច្រក និងថ្នាំញៀនបានចំនួន២កញ្ចប់ធំល្មម ដែលអាចច្រកជាកញ្ចប់តូចៗ បានមួយចំនួន ដើម្បីធ្វើសកម្មភាពជួញដូរ។
មន្ត្រីនគរបាលដដែលបញ្ជាក់ទៀតថា ជនសង្ស័យពាក់ព័ន្ធសកម្មភាពជួញដូរថ្នាំញៀន ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ម៉ូត សើគីរីន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៨ ក្រុមទី៥ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងថ្នាំញៀន បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរស៊ើបអង្កេតបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕