(កំពង់ចាម)៖ ករណីគ្រោះអគ្គីភ័យមួយកើតឡើងនៅក្នុងភូមិស្វាយតានាន់ ខ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ ដោយសារឆ្លងចរន្តអគ្គិសនី។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាមៗ លោកបញ្ជាឲ្យក្រុមពន្លត់អគ្គីភ័យចេញ រថយន្តចំនួន៦គ្រឿង ទាំងខេត្ត និងស្រុកចេញប្រតិបត្តិការជាបន្ទាន់ និងសុំការសហការភ្លាមៗ ពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នូវរថយន្ត២គ្រឿងបន្ថែមទៀត របស់អធិការដ្ឋានស្រុកមុខកំពូល និងស្រុកខ្សាច់កណ្ដាល សរុបរថយន្តប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការ ចំនួន៨គ្រឿង។
ក្រោយប្រតិបត្តិការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ អស់ប្រមាណជិត២ម៉ោង អគ្គិភ័យនេះក៏ត្រូវបានសមត្ថកិច្ចទប់ស្កាត់ និងពន្លត់បានជាស្ថាពរ។ លោកស្នងការបញ្ជាក់ថា មូលហេតុបណ្ដាលឲ្យកើតអគ្គីភ័យ គឺមកពីឆ្លងចរន្ដអគ្គិសនី ហើយទំហំនៃការខូចខាត ឆេះផ្ទះចំនួន១៥ខ្នង។
ទោះជាយ៉ាងណា សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ៕