(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងផែនការ លោក ស្រី ដា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះថា នៅម៉ោង៨យប់ថ្ងៃនេះ មន្ត្រីជំរឿនទូទាំងប្រទេស នឹងចុះធ្វើការជំរឿនលើជនអនាថា និងគ្មានទីលំនៅទូទាំងប្រទេស មុនពេលដែលការធ្វើជំរឿនប្រជាជនទូទៅ ចាប់ផ្តើមជាផ្លូវការ នៅម៉ោង១២យប់ ថ្ងៃទី០២ ខែមីនា ឈានចូលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សម្រាប់នៅរាជធានីភ្នំពេញ នៅម៉ោង៨យប់នេះ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងចុះពិនិត្យការសម្ភាសន៍របស់មន្ត្រីជំរឿនលើជនអនាថា និងជនគ្មានទីលំនៅ នៅម្តុំផ្សារដើមគរ និងជិត Naga World។
សូមជម្រាបថា ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ ១៣ ខែមីនា ឆ្នាំ២០១៩ ដែលវាមានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។
ជំរឿនប្រជាជន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញអំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស។
ដើម្បីឲ្យការធ្វើជំរឿនទទួលបានជោគជ័យ សូមបងប្អូនជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ចាប់ផ្ដើមនៅថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន៕