(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានថ្លែងជំរុញឱ្យយុវជនចូលរួមលើកកម្ពស់ក្នុង​ការអានសៀវភៅជាភាសាជាតិ​របស់ខ្លួន និងការអានអក្សរសិល្ប៍របស់ខ្លួនឱ្យបានច្រើន ដើម្បីជាការលើកទឹកចិត្តឱ្យអ្នកនិពន្ធ បានសរសេរនិពន្ធសៀវភៅជាភាសាខ្មែរឱ្យបានច្រើន និងដើម្បីចូលរួមលើក​កម្ពស់ និងអភិរក្សនូវអក្សរសាស្រ្តខ្មែរឱ្យបានគង់វង្ស។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណា​រ៉ុ​ន បានថ្លែងយ៉ាងដូចនេះ នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញបើសន្និសីទសារព័ត៌មាន ស្តីពី ការរៀបចំទិវាជាតិអំណាន ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការអានបណ្តុះវប្បធម៌ការសិក្សាពេញមួយជីវិត»។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា ការអានគឺពិតជាមានសារៈសំខាន់ណាស់ បើសិនជាយើងអានបានតិច ចំណេះដឹងរបស់យើង ក៏មានតិចផងដែរ ដូចនេះការអានគឺមានសំខាន់ណាស់ ព្រោះអំណានគឺជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បើយើងអានមិនបានច្រើននោះទេ យើងនឹងមិនបានចំណេះដឹងច្រើននោះដែរ ហើយយើងក៏មិនទទួលបាននូវចំណេះដឹង និងបំណិនជីវិតផ្សេងៗបានច្រើននោះដែរ។

លោកបានបញ្ជាក់ទៀតថា នៅក្នុងយុគសម័យនៃបច្ចេកវិទ្យា មនុស្សគឺមានលក្ខណៈផ្សេងៗគ្នាក្នុងការអាន និងការរៀនសូត្ររបស់ពួកគេ កាលពីពេលមុន មនុស្សគឺរៀនពីសៀវភៅច្រើន ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ មនុស្សមិនត្រឹមតែរៀនពីសៀវភៅនោះទេ គឺពួកគេអាចរៀនពី Facebook ​​រៀនពី youtube និងមានការរៀនសូត្រច្រើនបែបថែមទៀត ហើយដោយសារតែមានប្រព័ន្ធបច្ចេកវិទ្យាក្នុងការរៀននោះ ទើបធ្វើឱ្យនាពេលបច្ចុប្បន្ននេះ មនុស្សអានសៀវភៅ និងអានភាសាជាតិកាន់តែតិចទៅៗ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏បានស្នើឲ្យយុវជនចូលរួមលើកកម្ពស់ក្នុងការអានសៀវភៅ អានភាសាជាតិរបស់ខ្លួន និងការអានអក្សរសិល្ប៍របស់ខ្លួនឱ្យបានច្រើនផងដែរ ព្រោះប្រសិនបើយុវជនមិនអានជាភាសាជាតិរបស់ខ្លួនទេ ហើយអានតែភាសាបរទេសនោះ វានឹងមិនធ្វើឱ្យភាសាជាតិរបស់យើង បានរីកចម្រើននោះទេ មួយវិញទៀតនោះ នឹងមិនធ្វើឲ្យមានការលើកទឹកចិត្តដល់អ្នកនិពន្ធ ក្នុងការសរសេរសៀវភៅជាភាសាខ្មែរនោះដែរ ដូចនេះយើងត្រូវតែអានភាសាខ្មែរយើងឱ្យបានច្រើន ដើម្បីជាការលើកទឹកចិត្តឱ្យអ្នកនិពន្ធ បានសរសេរនិពន្ធសៀវភៅជាភាសាខ្មែរ ដើម្បីចូលរួមអភិរក្សនូវអក្សរសាស្រ្តខ្មែរយើង។

លោកបានបញ្ជាក់ទៀតថា ប្រសិនបើប្រទេសមួយ មិនមានការរីកចម្រើនខាងវិទ្យាសាស្ត្រនោះទេ ប្រទេសនោះក៏មិនមានការរីកចម្រើននោះទេ ប្រទេសដែលមានការរីកចំរើន គឺជាប្រទេសដែលមានយុវជនចូលចិត្តក្នុងការអានច្រើន ទាក់ទងទៅនឹងអក្សរសិល្ប៍ ការអានប្រលោមលោក និងការអានជាលក្ខណៈវិទ្យាសាស្ដ្រ ហើយនៅពេលបច្ចុប្បន្ននេះបច្ចេកវិទ្យាគឺបានវិវត្តទៅយ៉ាងលឿន ដូច្នេះយុវជនជំនាន់ក្រោយ ត្រូវតែព្យាយាមតាមឱ្យទាន់នូវបច្ចេកវិទ្យាថ្មីៗ ដូចនេះទាមទារឲ្យយុវជនត្រូវតែអានឱ្យបានច្រើន ដើម្បីសម្រេចបាននូវជោគជ័យ បើសិនជាយុវជនអានមិនបានអានច្រើននោះទេ នោះក៏មិនអាចធ្វើអ្វីបានសម្រេចជោគជ័យនោះដែរ៕