(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្រ្តី​ គន់ គីម​ ប្រធានក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះជួយខេត្ត​ឧត្តរមានជ័យ​ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត រដ្ឋបាល​ខេត្តឧត្តរមានជ័យ​។

លោក​ ប៉ែន​ កុសល​ អភិបាល​​ខេត្ត​ឧត្ដរមានជ័យ​ ដែលបានគូសបញ្ជាក់ពីលទ្ធផល នៃដំណើរការអង្គសន្និបាត ដែលបានឆ្លុះបញ្ចាំងពីសមិទ្ធិផលធំៗជាច្រើន ដែលខេត្តសម្រេចបានក្នុងឆ្នាំកន្លងមក​។

ថ្លែង​ទៅកាន់អង្គសន្និបាត ​ទេសរដ្ឋមន្រ្តី​ គន់ គីម បានសម្តែងការកោតសសើរ​ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់​​មន្ត្រី​ ​បុគ្គលិក​ រាជការ​ កងកម្លាំងប្រដាប់អាវុធ​ និងប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល​ ដែលបានរួមគ្នាសម្រេចបាននូវសមិទ្ធិផលល្អប្រសើរលើគ្រប់វិស័យ​ គួរជាទីមោទនៈ។

ជាមួយគ្នានេះ​ លោកទេសរដ្ឋមន្រ្តី​ ក៏បានរំលឹកឲ្យអាជ្ញាធរគ្រប់លំដាក់ថ្នាក់​ សមត្ថកិច្ច​ជំនាញ​ កងកម្លាំងប្រដាប់អាវុ ​និងប្រជាពលរដ្ឋនៅទូទាំងខេត្ត ត្រូវបន្តការរួមសហការគ្នា អនុវត្តឲ្យបានជោគជ័យ​ភារកិច្ច​ឆ្នាំ២០១៩​ ដោយផ្តោតសំខាន់ទៅលើការងារសំខាន់ៗដូចខាងក្រោម៖

*ទី១៖ ពង្រឹង​សន្តិភាព​ និង​ស្ថេរភាព​នយោយ​ ទប់ស្កាត់​ និង​បង្ក្រាបរាល់សកម្មភាពណាដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ​ជាតិ។ បុគ្គលិក​ មន្រ្ដី​រាជការ កងកម្លាំងសមត្ថកិច្ច​ និងកងកម្លាំងប្រដាប់អាវុធត្រូវពង្រឹងវិន័យ​ លក្ខន្តិកៈ​ និងលើកកម្ពស់សមត្ថភាពក្នុងការបំពេញមុខងារ។

*ទី២៖​ រក្សាសន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ បង្ក្រាប​ និងទប់ស្កាត់រាល់បទល្មើសនានា ដែលកើតឡើង និង​មានវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។​​

*ទី៣៖ បង្កើនការអភិវឌ្ឍសេដ្ឋកិច្ច​ដោយផ្តោតលើ វិស័យកសិកម្ម​ និងកសិឧស្សាហកម្ម។

*ទី៤៖ ជំរុញការអនុវត្តកំណែទម្រង់​វិមជ្ឈការ​ និង​សហវិម្ឈការ​ តាមកិច្ចការអទិភាពទាំងបួន។​

*ទី៥៖​ លើកកម្ពស់ការផ្តល់សេវាសាធារណៈ​ និងខិតខំថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន។​

*ទី៦៖ អាជ្ញាធរគ្រប់ថ្នាក់​ ក្រុមការងារ​ សមត្ថកិច្ចពាក់ពន្ធ​ និងកងកម្លាំងប្រដាប់អាវុធត្រូវត្រៀមកម្លាំង​ មធ្យោបាយ​ និងសម្ភារ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ នៅក្នុងរដូវរាំងស្ងួតខាងមុខនេះ។

និងទី៧៖​ ធ្វើ​ការពង្រឹងរបៀបរបបការងារ​ រក្សាឲ្យបានការសាមគ្គី​ឯកភាពផ្ទៃក្នុង​​ លប់បំបាត់វប្បធ៌មអន្តរាគមន៍​។

ពិធីនេះបានបញ្ចប់ក្រោយពី​ ​ទេសរដ្ឋមន្រ្តី គន់ គីម​ បានប្រគល់​​ប័ណ្ណ​សរសើរ​ លិខិត​សរសើរ​ជូនដល់ អង្គភាព​ចំនួន​​៤៨​ ដែលមានស្នាដៃឆ្នើមក្នុងឆ្នាំកន្លងមកផងដែរ៕