(ប៉ៃលិន)៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក តូ គីមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន និងជាសមាជិកអចិន្ត្រៃយ៍ នៃសមាគមអតីតយុទ្ធជនកម្ពុជា តំណាងឱ្យឧត្តមសេនីយ៍ទោ ព្រហ្ម ប៉ាត់ ប្រធានសមាគមន៍អតីតយុទ្ធកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខអតីតយុទ្ធជនកំពុងមានជំងឺប្រចាំកាយចំនួន ២គ្រួសារ។
អតីតយុទ្ធជន២គ្រួសារនោះ រួមមានទី១៖ លោក ជូន វ៉ាយ អាយុ៧១ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទី២៖ សា ឆែ អាយុ៨០ឆ្នាំ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក តូ គីមឃុន បានលើកឡើងថា អតីតយុទ្ធជនយើងពិតជាទទួលបាននូវសេចក្តីសុខ និងការរីកចម្រើនបន្ថែមទៀត ក្រោមការយកចិត្តទុកដាក់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានគិតគូដល់ផលប្រយោជន៍ និងជីវភាពរស់នៅ សុខទុក្ខរបស់អតីតយុទ្ធជន ដែលជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អតីតយុទ្ធជន ដែលបានឆ្លងកាត់ការលំបាកក្នុងសង្គ្រាម និងក្នុងបុព្វហេតុចូលរួមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចនាយករដ្ឋមន្រ្តី ដែលបាននាំឱ្យមាតុភូមិកម្ពុជាដ៏កម្សត់ឆ្លងផុតភ្នក់ភ្លើងសង្គ្រាម ទទួលបានសុខសន្តិភាព ព្រមទាំងមានឱកាសកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានភាពរីកចម្រើនយ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះ។
វរសេនីយ៍ឯកបានបញ្ជាក់ថា កន្លងមកសមាគមអតីតយុទ្ធជនកម្ពុជា បានយកចិត្តទុក្ខដាក់ចំពោះ អតីតយុទ្ធជន ជាជនពិការ សោធននិវត្តន៍ និងបាតបង់សមត្ថភាពការងាដូចជា៖ ការសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានដី គ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ និងចុះសាកសួរសុខទុក្ខជាប្រចាំ ព្រមទាំងបាននាំយកអំណោយផ្សេងៗ ទៅឧបត្ថម្ភដល់អតីតយុទ្ធជនដែលមានជីវភាពខ្វះខាតផងដែរ។
សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះដែរ លោកវរសេនីយ៍ឯក តូ គីមឃុន ព្រមទាំងក្រុមការងារ បានឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជនទាំង ២គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ ៥០គីឡូក្រាម មី ២កេះ ទឹកក្រូច ១យួ ទឹកសុទ្ធ ១០យួ ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ និងថវិកាចំនួន ៣០ម៉ឺនរៀលផងដែរ៕