(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសម្តែងនូវការគោរព និងអំណរគុណដ៏ជ្រាលជ្រៅគោរពជូនដល់ប្រជាពលរដ្ឋដ៏លើសលុប និងមន្ត្រីទាំងអស់ ដែលសម្តែងនូវការរីករាយ និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះចំណាត់ការអនុវត្តន៍នូវចំណុចទី៥ នៃអភិក្រមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ នេះបើតាមសេចក្តីថ្លែងហេតុរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា អភិក្រមទាំង៥នោះ គឺទី(១) ឆ្លុះកញ្ចក់ ទី(២) ងូតទឹក ទី(៣) ដុះក្អែល ទី(៤) ព្យាបាល និងទី(៥) វះកាត់ ដែលបានចែងនៅក្នុងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់ឱកាសគ្រប់គ្រាន់ក្នុងកិច្ចអប់រំ តាមរយៈគុណធម៌ និងសីលធម៌ អស់រយៈពេលជាយូរមកហើយ ដែលជាហេតុផលរបស់យើងទាំងអស់គ្នា ក្នុងកិច្ចខិតខំរួបរួម និងប្រមូលគ្នាធ្វើការ ដើម្បីការពារផលប្រយោជន៍ប្រជាជនខ្មែរ។
ការិយាល័យអ្នកនាំពាក្យ បានរំលឹកសារជាថ្មីម្តងទៀត នូវការលើកឡើងនៃកិច្ចប្ដេជ្ញារបស់សម្តេចឆ្លើយ តបចំពោះ ប្រជាពលរដ្ឋទាំងអស់ ដែលលោកបានផ្តល់សេចក្តីគាំទ្រ និងទុកចិត្ត បោះឆ្នោតជូន សម្តេចតេជោ យ៉ាងលើសលុប តាមរយៈគណបក្សប្រជាជនកម្ពុជា គឺគណៈរដ្ឋមន្ត្រីរបស់ សម្តេចតេជោ និងមន្ត្រីទាំងអស់ នឹងខិតខំប្រឹងប្រែងទ្វេដង ក្នុងកិច្ចការរបស់ខ្លួន តាមរយៈកំណែទម្រង់ស៊ីជម្រៅ ដើម្បីប្រសិទ្ធភាព និង គណនេយ្យភាព រួមជាមួយនឹងការប្រឆាំងដាច់ខាតរាល់កិច្ចបំពាន គ្រប់រូបភាពទាំងអស់ប៉ះពាល់នឹងផលប្រយោជន៍ប្រជាជន។
ការិយាល័យអ្នកនាំពាក្យ ក៏បានវាយតម្លៃយ៉ាងខ្ពស់ប្រកបដោយមោទនភាព ចំពោះដំណើរការរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែង និងចាប់អារម្មណ៍ចំពោះសកម្មភាពដ៏រស់រវើកប្រកបដោយថាមពលរបស់ គណបក្សដែលជា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានបង្ហាញជាគម្រូ នូវកិច្ចខិតខំ រួបរួមធ្វើការជាមួយរាជរដ្ឋាភិបាលប្រកបដោយភាពស្មោះត្រង់ និងហ្មត់ចត់ នៃកិច្ចកសាងជាតិជាប្រវត្តិសាស្ត្ររួមទាំងអស់គ្នា ក្នុងភាពជាដៃគូ និងគ្រួសារសង្គមជាតិខ្មែរតែមួយ ក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស៕
ខាងក្រោមនេះជាសេចក្តីថ្លែងហេតុរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល៖