(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងដាក់បទបញ្ជាដល់កម្លាំងក្រោមបង្គាប់ត្រូវពង្រឹងវិន័យកងកម្លាំងនគរបាលជាតិឱ្យបានម៉ឺងម៉ាត់ និងអនុវត្តការងារដឹកនាំការពារសន្តិសុខឱ្យមានសុវត្ថិភាពប្រសើរឡើងខ្ពស់ខណៈមួយរយៈពេលចុងក្រោយនេះ បទល្មើសកើនឡើង ជាលំដាប់។
បើយោងតាមរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បង្ហាញឱ្យដឹងថា បទល្មើសព្រហ្មទណ្ឌកើតឡើង ៦លើក លើ៤លើក កើនឡើង២លើក ចេញប្រតិបត្តិការបង្រ្កាប៥លើក ឃាត់ខ្លួនជនសង្ស័យ៦នាក់, បទល្មើសគ្រឿងញៀនកើតឡើង៣៤លើក លើ២៧លើក កើន៧លើក បង្រ្កាបឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន១២៤នាក់ ក្នុងនោះស្រី៥នាក់។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានជំរុញឱ្យកម្លាំងនគរបាលការិយាល័យជំនាញ និងកម្លាំងនគរបាលនៅតាមបណ្តា អធិការដ្ឋានស្រុកក្រុងទាំង៩ បន្តស្រាវជ្រាវស៊ើបអង្កេត ស្វែងរកចាប់ខ្លួមុខមុខសញ្ញាជនសង្ស័យនៅសេសសល់ដែលប្រព្រឹត្តបទល្មើសហើយគេចខ្លួនត្រូវតាមចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យបានដោយមិនត្រូវឱ្យរួចខ្លួនបានឡើយ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកឡើង និងវាយតម្លៃខ្ពស់កន្លងមក កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានបំបែកសំណុំរឿងបទល្មើសព្រហ្មទណ្ឌសម្រេចបានជោគជ័យជាបន្តបន្ទាប់ នៅពេលបទល្មើសកើតឡើងគឺកម្លាំងនគរបាលបានចេញប្រតិបត្តិការបង្រ្កាបចាប់ជនល្មើយកមកផ្តន្ទាទោសតាមផ្លូវ នេះជាមោទនភាពនិងមានការគាំទ្រពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថាកាលពីកន្លងទៅថ្មីៗនេះ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានកើតឡើងនូវបទល្មើសឧក្រិដ្ឋអំពើឃាតកម្មរឿងស្នេហាត្រីកោណ ជនរងគ្រោះបានរងការកាប់សម្លាប់និងយកសពដុតចោលដើម្បីបំបាត់ភស្ថុតាង។
បទល្មើសនោះត្រូវបានមហាជនមានការភ្ញាក់ផ្អើល។ ប៉ុន្តែក្រោយកើតឡើងតែរយៈពេល៣៦ម៉ោងកម្លាំងនគរបាលបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់។
កម្លាំងនគរបាលដែលបំបែកសំណុំរឿងឃាតកម្មនោះ ក៏ត្រូវបានលោកឧត្តមសេនីយ៍ស្នងការលើកទឹកចិត្តផ្តល់ថវិកា១លានរៀលជាការឆ្លើយតបនៃការខិតខំប្រឹងប្រែងធ្វើការងារសម្រេចបានលទ្ធផល៕