(កែប)៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានជំរុញដល់រដ្ឋបាលខេត្តកែប និងខេត្តកំពត ឱ្យធ្វើយ៉ាងណារៀបចំកែលម្អ ដាក់បញ្ចូលឆ្នេរអង្កោល និងឆ្នេរនៅលើកោះពោធិ៍ ជាបេក្ខភាពក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី ២ ឆ្នាំ២០១៩ ខាងមុខនេះ។
ការជំរុញឱ្យកែលម្អឆ្នេរនេះ បានធ្វើឡើង ក្នុងឱកាសដែល គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ ឆ្នាំ ២០១៩» និងបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំផែនការសកម្មភាពសម្រាប់ការគ្រប់គ្រង និងកែលម្អរមណីយដ្ឋានឆ្នេរខ្សាច់» នៅសាលាខេត្តកែប។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោក នី ផល្លី អគ្គលេខាធិការរង គ.អ.ឆ.ក. និងជាប្រធានក្រុមការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត លោកស្រី អ៊ុល ភិរុណ អភិបាលរងខេត្តកែប និង លោក ប៉ិល កុសល អភិបាលរងខេត្តកំពត ដោយមានការចូលរួមពី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ក្រុមការងារគ្រប់គ្រងឆ្នេរ និងប្រតិបត្តិករទេសចរណ៍។
លោក នី ផល្លី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានជំរុញដល់រដ្ឋបាលខេត្តកែប ធ្វើការរៀបចំកែលម្អ ដើម្បីដាក់បញ្ចូលឆ្នេរអង្កោល និងឆ្នេរនៅលើកោះពោធិ៍ ជាបេក្ខភាព ក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី ២ ឆ្នាំ២០១៩ នេះ។
ដោយឃើញនូវបញ្ហាប្រឈម លោកអគ្គលេខាធិការរង បានជំរុញឱ្យរៀបចំកែលម្អ ក៏ដូចជានឹងចុះពិនិត្យផ្ទាល់ ដើម្បីផ្តល់ជាជំនួយបច្ចេកទេស ក្នុងការរៀបចំកែលម្អឆ្នេរទាំងនោះ ឱ្យបានស្អាតស្របតាមស្តង់ដារបច្ចេកទេស ដើម្បីអាចយកបានពិន្ទុ និងចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតឆ្នាំ២០១៩ នាពេលខាងមុខ។
ដោយឡែកសម្រាប់ខេត្តកំពត ក្នុងខណៈពេលដែលមិនទាន់មានឆ្នេរខ្សាច់កម្សាន្ត និងកំពុងធ្វើការអភិវឌ្ឍន៍នៅកំពតថ្មី លោកអគ្គលេខាធិការរង បានជំរុញ និងស្នើដល់រដ្ឋបាលខេត្តកំពត សិក្សាក្នុងការជ្រើសរើសយកទីតាំងឆ្នេរខ្សាច់ណាមួយ ដើម្បីធ្វើការររៀបចំកែលម្អ ដូចជានៅតំបន់ឆ្នេរព្រែកចាកជាដើម សម្រាប់ចូលរួមក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទ២ ឆ្នាំ២០១៩ ផងដែរ ដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងជួយគាំទ្រជាបច្ចេកទេសក្នុងការរៀបចំ៕