(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ ដែលកំពុងស្នាក់នៅលើអគារសហកម្មសិទ្ធិ ដែលមានទីតាំង ស្ថិតនៅកាច់ជ្រុងហាវិថីព្រះមុនីវង្ស និងមហាវិធីកម្ពុជាក្រោម ទល់មុខអគារពាណិជ្ជកម្មផ្សារទំនើប B.S ស្ថិតនៅខណ្ឌ៧មករា ត្រូវប្រុងប្រយ័ត្ន ព្រោះអគារនេះមានសភាពចាស់ទ្រុឌទ្រោមហើយ។ យោងតាមសេចក្តីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាន, បានឲ្យដឹងថា អគារនោះ ត្រូវបានសាងសង់ឡើង តាំងពីអំឡុងឆ្នាំ១៩៥០មកម្ល៉េះ។

សេចក្តីជូនដំណឹង បានឲ្យដឹងទៀតថា​ យោងតាមលិខិតមួយ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យឃើញថា ស្ថានភាពនៃអគារនេះ គឺមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ ដោយសារតែសំណង់នេះ ខ្វះការថែទាំ ជួសជុលឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស អស់រយៈពេលជាយូរឆ្នាំមកហើយ ដែលជាហេតុធ្វើឱ្យអគារទាំងមូល ទទួលរងនូវការខូចខាតជាច្រើនកន្លែង ជាពិសេសគ្រឿងបង្គុំសំណង់ មានសភាពពុកផុយ ខូចអស់ប្រមាណ៥០%ទៅហើយ អាចបណ្តាលឱ្យរលំបាក់ស្រុតនៅពេលណាមួយ។

ដូចនេះ ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំដូចខាងក្រោម៖

*១៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលស្នាក់នៅលើអគារនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវផ្ទុកសម្ភារ ធ្ងន់លើសទម្ងន់ទេ។

*២៖ សូមបងប្អូនប្រជាពលរដ្ឋស្នាក់នៅផ្ទះ ដែលមានសភាពប្រេះស្រាំ ខូចខាតខ្លាំង ត្រូវស្វែងរកក្រុមហ៊ុន ឬវិស្វករ ដែលមានជំនាញច្បាស់លាស់ ដើម្បីថែទាំជួសជុលជាបន្ទាន់។
ក្នុងករណីដែលផ្ទះរបស់បងប្អូន មានសភាពទ្រុឌទ្រោមខ្លាំង មិនអាចជួសជុលបាន ត្រូវផ្លាស់ប្តូរទៅលំនៅឋានថ្មី ដែលមានសុវត្តិភាពឱ្យបានឆាប់រហ័ស៕