(តាកែវ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឃមណ្ឌល និងសាលាបាល់ទាត់ទន្លេបាទី ស្ថិតនៅភូមិថ្នល់ទក្សិន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា ក្នុងនាមកងរាជអាវុធហត្ថទាំងមូល ជាមួយមេបញ្ជាការរង នាយទាហានជាន់ខ្ពស់គ្រប់លំដាប់ឋានានុក្រម នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស សុំចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩នេះ និងសូមជូនពរដល់កងរាជអាវុធហត្ថនារីទាំងមូល ស្ត្រីដែលជាភរិយា ជីដូន ម្តាយ អ៊ុស្រី មីង កូនចៅស្រីរបស់អស់លោក លោកស្រីទាំងអស់ សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន អាយុវែង ជាបង្គោល និងជាបង្អែកដ៏រឹងមាំ ក្នុងការថែរក្សាសុភមង្គលគ្រួសារ ក៏ដូចជាការរួមចំណែក ដើម្បីពង្រឹងកងរាជអាវុធហត្ថ។ កងរាជអាវុធហត្ថនារីខ្លះ បានបំពេញការងារតាំងពីដំបូងៗមក។
នាយឧត្តមសេនីយ៍ បានបន្តថា ជាការពិតនារីខុសគ្នានឹងបុរស គឺនារីមានកម្លាំងខ្សោយជាងបុរស ប៉ុន្តែនារីខ្លះក៏ពូកែជាងបុរសដែរ មិនមែនបុរសចេះតែធ្វើអ្វីក៏បានទេ កិច្ចការងារមេផ្ទះ មើលកូនចៅ មេផ្ទះពិតប្រាកដគឺប្រពន្ធ តាមការកត់សម្គាល់គ្រួសារណា ដែលមានភរិយាពូកែ គ្រួសារ និងកូនចៅមិនមានបទល្មើសគ្រឿងញៀន ឬមួយសកម្មភាពអសកម្មក្នុងសង្គមទេ។ គ្រួសារល្អ ឬមិនល្អ ដោយសារភរិយា ពិតហើយប្តី គឺជាផ្នែកមួយយ៉ាងសំខាន់ជាបង្គោល ប៉ុន្តែគឺប្រពន្ធសំខាន់ណាស់។
នាយឧត្តមសេនីយ៍ សៅ សុខា បានកោតសរសើរលោកស្រី អ្នកនាងកញ្ញា ទាំងភរិយារបស់នាយទាហាន នៃកងរាជអាវុធហត្ថទាំងអស់ រួមទាំងភរិយារបស់លោក កូនចៅស្រីរបស់លោក ដែលបានថែរក្សាកូនចៅទុកឱ្យប្តី មកបម្រើការងារនៅក្នុងកងរាជអាវុធហត្ថ ធ្វើឱ្យការកសាងអង្គភាពនេះ មានកិត្តិយសទាំងអស់គ្នា។ លោកសូមផ្តាំផ្ញើការសាកសួរសុខទុក្ខ ដល់បងប្អូនស្រី អ្នកម្តាយ និងក្មួយស្រីផង ហើយថាកុំភ្លេចប្រពន្ធនៅផ្ទះ កុំសប្បាយភ្លេចប្រពន្ធ។
ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ បានពាំនាំនូវការសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជានាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ បានផ្តល់ថវិកាដល់អាវុធហត្ថនារី ក្នុងម្នាក់ៗចំនួន១២ម៉ឺនរៀល ព្រមទាំងពិសារអាហារសាមគ្គីផងដែរ៕