(បន្ទាយមានជ័យ)៖ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ​បានជំរុញក្រុមការងារខេត្ត រដ្ឋបាលក្រុងប៉ោយប៉ែត មន្ទីរ អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំធ្វើយ៉ាងណាឲ្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានអនាម័យ របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងមានសេវាល្អផ្តល់នូវភាពកក់ក្តៅ ដល់ភ្ញៀវទេសចរដែលចេញ ចូលតាមច្រកនេះ ទោះបីជាអគារកន្លែងធ្វើការថ្មី និងរង្វង់មូលថ្មីកំពុងដំណើរការសាងសង់ពុំទាន់ហើយក្តី។

ការអំពាវនាវរបស់លោក ហោ សារុន បានធ្វើឡើងក្នុងឱកាសអញ្ជើញតំណាងលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំបូកសរុបការងារ សម្រួលដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រចាំឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

របាយការណ៍​ក្នុងរយៈពេល១២ខែ ឆ្នាំ២០១៨ ភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាប្រទេសកម្ពុជា មានចំនួន៦,២លាននាក់ កើនឡើង១០,៧% បើធៀបទៅនឹងឆ្នាំ២០១៧កន្លងទៅ ដែលក្នុងនោះ​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានចំនួន៤៥៦,៤៤១នាក់ និងមាន៩៥សញ្ជាតិ​។​
លោក ហោ សារុន ក្នុងនាមជាប្រធានលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស បានលើកឡើងថា ​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជាច្រកព្រំដែនគោក និងជាច្រកសេដ្ឋកិច្ចមួយយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរទំនិញ​កម្ពុជា-ថៃ ពិសេសភ្ញៀវទេសចរគ្រប់ជាតិសាសន៍បានឆ្លងកាត់ចូលមកកម្ពុជា តាមរយៈច្រកទ្វារខាងលើ។

ជាមួយនឹងកំណើនទេសចរ ដែលបានចូលមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោកបានជំរុញដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រីងលើការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់ច្រកព្រំដែន ដើម្បីធានាដល់អ្នកទេសចរដែលចូលមកកម្ពុជា មានទំនុកចិត្តលើកិច្ចការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនពួកគាត់។

មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះ ក៏បានធ្វើការណែនាំបន្ថែមដល់ក្រុមការងារខេត្ត ពិនិត្យរថយន្តដឹកត្រង់ពីរង្វង់មូល ទៅកាន់ស្ថានីយ៍ចំណតទាំងពីរ ឲ្យមានម៉ាស៊ីនត្រជាក់ត្រឹមត្រូវ បុគ្គលិកមានឯកសណ្ឋាន កុំឲ្យមានរថយន្តតាក់ស៊ី ម៉ូតូ រ៉ឺម៉កចតតាមដងផ្លូវនិងត្រង់រង្វង់មូល ដែលជាហេតុធ្វើឲ្យមានការកកស្ទះ បាត់បង់សណ្តាប់ធ្នាប់ និងជំរុញឲ្យមន្ទីរ/ស្ថាប័នពាក់ព័ន្ធ ត្រូវមានការរៀបចំទីសំចតសម្រាប់ភ្ញៀវទេសចរសម្រាកឲ្យបានសមរម្យ ទាំងការរៀបចំទីកន្លែង និងបន្ទប់ទឹកជាដើម។

ម្យ៉ាងវិញទៀត លោកស្នើឲ្យរដ្ឋបាលក្រុងប៉ោយប៉ែត សមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការណែនាំដល់អាជីវករ អ្នកអូសរទេះដឹកត្រី ត្រូវបញ្ឈប់ការបង្ហូរទឹកសំអុយ ពីត្រីនៅចំណុចព្រំដែនខាងលើ ព្រោះវាបង្កឲ្យមានក្លិនមិនល្អ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ ដែលចូលមកតាមច្រកទ្វារមួយនេះ៕