(កំពង់ចាម)៖ នៅរសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត បានអញ្ជើញក្នុងពិធីប្រកាសផ្ទេរតំណែងអភិបាល នៃគណៈអភិបាលស្រុកបាធាយ ខេត្តកំពង់ចាម។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនាមជាអាជ្ញាធរត្រូវបន្តពង្រឹងនូវការចុះផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង និងចូលរួមថែរក្សាទ្រព្យសម្បត្តិធម្មជាតិ ដូចជា បឹងបួរ ទំបន់ទឹក មេទឹក ជាដើមទុកសម្រាប់ប្រជាពលរដ្ឋធ្វើស្រែចំការ។
លើសពីនេះ អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំបន្តសាងសង់ សំណង់អគារ លំនៅឋាន ក្រោមខ្សែបណ្តាញអគ្គិសនី ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយកើតឡើងពីចរន្តអគ្គិសនីផងដែរ។
សូមបញ្ជាក់ផងដែរថា លោក ផេន សុផល ត្រូវផ្ទេរតំណែងពីអភិបាលស្រុកកោះសូទិន មកកាន់តំណែងជាអភិបាលស្រុកបាធាយវិញ ជំនួស លោក កៅ ប៊ុនណាត ដែលត្រូវចូលនិវត្តន៍៕