Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តកំពង់ចាម ចុះបង្ក្រាបទីតាំងបើកល្បែងជល់មាន់ក្នុងចំការកៅស៊ូមួយកន្លែង នៅស្រុកស្ទឹងត្រង់

01-03-2019 17:09

(កំពង់ចាម)៖ ​បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ​ ស្នងការខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ​បានបញ្ជា​កម្លាំងជំនាញរបស់អធិការដ្ឋានស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ដាក់លុយ) ចំនួនមួយកន្លែង នៅចំណុចចំការកៅស៊ូ ស្ថិតក្នុងភូមិស្ពង់សាខាចាស់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ នៅពេលកម្លាំងនគរបាលចុះទៅដល់កន្លែង ​មុខសញ្ញាសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់អស់ ដោយបន្សល់វត្ថុតាងរួមមានតង់កៅស៊ូ​, ស៊ុមក្រុងមាន់​, សម្ភារសម្រាប់ជល់មាន់មួយចំនួនទៀត។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីធ្វើការស្រាវជ្រាវបន្ត ចំណែកតង់កៅស៊ូ និងសម្ភារផ្សេងទៀតសមត្ថកិច្ច​បានដុតបំផ្លិចបំផ្លាញចោលនៅកន្លែងកើតហេតុខាងលើ តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តំពង់ចាម៕​​