(កំពង់ធំ)៖ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានលើកឡើងថា បច្ចុប្បន្ននេះក្រោមពន្លឺ នៃសុខសន្តិភាព ដែលប្រសូត្រចេញពីនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានខិតខំជំរុញសេដ្ឋកិច្ច ឲ្យមានកំណើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

កម្រិតជីវភាពរបស់ប្រជាជនមានភាពប្រសើរ ដោយប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំ សម្រាប់មនុស្សម្នាក់ៗបានកើនឡើងពី១,០៤២ដុល្លារ នៅឆ្នាំ២០១៣ មកដល់១,៥៦៣ ដុល្លារនៅឆ្នាំ២០១៨។

ការលើកឡើងយ៉ាងដូចនេះ ក្នុងពេលលោកបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យទក្ខិណានុប្បទានគ្រប់ខួប២៩ឆ្នាំ ព្រះសព ព្រះសរីយថេ កើត វ៉ាយ និងគម្រប់ខួប១ឆ្នាំ ព្រះសព ព្រះធម្មស្សរោ ឈាង លី និងក្នុងកម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង២០០០នាក់ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅវត្តសំរោងមានជ័យ ហៅវត្តលាពាក្យ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកបណ្ឌិត ងួន ញ៉ិល បានបញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងមក បានធ្វើឡើងដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ដោយមានប្រជាពលរដ្ឋចំនួន៨៣,០២% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតបានទៅបោះឆ្នោត ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋបានអនុវត្តសិទ្ធិរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

លោកបានបន្តថា ឆ្លើយតបបទៅនឹងការគាំទ្រ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ រាជរដ្ឋាបាលអាណត្តិទី៦នេះ បានដាក់ចេញនូវកម្មវិធីនយោបាយ៤ធំៗ៖

*ទី១៖ ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ ឃុំ សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាជន គ្រប់ទិសទីក្នុងផ្ទៃប្រទេស ព្រមទាំងការពារ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី មិនឱ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ
*ទី២៖ ធានាការបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមគ្រប់វិស័យ ដោយផ្តោតជាអាទិភាពទៅលើការកែទម្រង់អភិបាលកិច្ចល្អ និងបន្តផ្តោតជាអាទិភាពខ្ពស់ទៅការវិនិយោគលើមូលធនមនុស្ស និងការបង្កើនការវិនិយោគ ទាំងការវិនិយោគសាធារណៈ និងការវិនិយោគឯកជនលើប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធចាំបាច់
*ទី៣៖ ធានាជំរុញលើកកម្ពស់ និងកែលម្អជីវភាពប្រជាជនតាមរយៈ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន ឱការទទួលបានការងារធ្វើ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងរកទីផ្សារ បន្តដំឡើង ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។ ការពារអាជីពជូនកម្មករ និយោជិត បន្តបង្កើនប្រាក់បៀវត្ស និងប្រាក់សោធននិវត្តជូនមន្ត្រី សាធារណៈ និវត្តជន និងអតីយុទ្ធជន ពង្រីកបណ្តាញផ្គត់ផ្គង់ និងបញ្ចុះ ថ្លៃអគ្គិសនី និងទឹកស្អាត
*ទី៤៖ ធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជនទាំងក្នុងពេល បច្ចុប្បន្ន ក៏ដូចជា ទៅអនាគតតាមរយៈការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គមសម្រាប់ប្រជាជនគ្រប់រូប ពិសេសអ្នកក្រីក្រនិងជនងាយរងគ្រោះ និងមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយ មិនមានការយកចិត្តទុកដាក់ឡើយ។

លោកបណ្ឌិត ងួន ញ៉ិល ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសព ព្រះសរីយថេ កើត វ៉ាយ និងព្រះសពព្រះគ្រូធម្មស្សរោ ឈាង លី ដែលព្រះអង្គទាំងទ្វេ កាលព្រះអង្គនៅ មានព្រះជន្មនៅឡើយ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅខេត្តកំពង់ធំ ដោយព្រះអង្គបានបន្សល់ទុកនូវ សមិទ្ធផលជាច្រើននៅវត្តសំរោងមានជ័យនេះ សម្រាប់ជាទី ដ៏សមគួរដល់ពុទ្ធបរិស័ទ និងកូនចៅជំនាន់ក្រោយ មកគោរព បូជា និងបួសរៀនព្រះធម៌។

ក្នុងឱកាសនេះផងដែរ លោកបណ្ឌិត ងួន ញ៉ិល បានចូលបុណ្យថវិកាចំនួន២០លានរៀល។ ប្រគេនមេគណខេត្ត៤០ម៉ឺនរៀល, អនុគណស្រុកកំពង់ស្វាយ២០ម៉ឺនរៀល, ប្រគេនព្រះសង្ឃ៥អង្គក្នុង១នាក់១០ម៉ឺនរៀល, ឧបត្ថម្ភប្រជាជនចំនួន១៣០០នាក់សារ៉ុងមួយ, សិស្សានុសិស្សចំនួន៥៤៧នាក់ ក្នុងមួយនាក់ ទទួលបានសៀវភៅមួយក្បាល ប៊ិចមួយដើម ថវិកា៥ពាន់រៀល, យុវជនកាយរិទ្ធិចំនួន៥០នាក់ ១ម៉ឺនរៀល, ជូនលោកតាជី-យាយជីចំនួន២០០នាក់ ក្នុងមួយនាក់ក្រណាត់ស១ដុំ និងថវិកា១ថវិកាមួយម៉ឺនរៀល និងលោកគ្រួ-អ្នកគ្រួ៦០នាក់ចំនួន២ម៉ឺន៕