(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នេះបានចេញសេចក្ដីជូនដំណឹងស្ដីពី ការបិទផ្លូវមួយចំនួននៅបរិវេណសួនច្បារវត្តបទុមវតី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីរៀបចំកម្មវិធីបើកការដ្ឋានសាងសង់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូជំហានទី៤ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលប្រទេសជប៉ុន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។

តាមកាលបរិច្ឆេទខាងលើរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថីព្រះសុធារស ចាប់ពីចំណុចប្រសព្វមហាវិថីព្រះសីហនុ រហូតដល់ផ្លូវលេខ២៤០ មហាវិថីព្រះសុរាម្រិត និងកំណាត់ផ្លូវលេខ២៤០ ចាប់ពីចំណុចប្រសព្វមហាវិថីព្រះនរោត្តម រហូតដល់វិថីព្រះស៊ីសុវត្ថិ ចាប់ពីវេលាម៉ោង០៦៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញមេត្តាជ្រាប និងបញ្ជៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធី តាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ៕

សូមអានសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងស្រុង៖