Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបររ៉ឺម៉កម៉ូតូកង់៣ ដោយឥតគិតថ្លៃ

01-03-2019 16:46

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរត្រីចក្រយានយន្ត (ម៉ូតូរ៉ឺម៉កកង់បី) និងទោចក្រយានយន្ត សណ្តោងរ៉ឺម៉ក ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង១៧៖០០ល្ងាច រយៈពេល២ខែ។

តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ការបើកវគ្គបណ្តុះបណ្តាល ច្បាប់ចរាចរណ៍ផ្លូវគោកខាងលើនេះ ដោយសារកន្លងមក បងប្អូនប្រកបអាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរ ក្នុងរាជធានីភ្នំពេញភាគច្រើន បានបើកបរយានយន្តលើដងផ្លូវ ដោយពុំមានបណ្ណបើកបរយានយន្តបានត្រឹមត្រូវ។

ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរ និងដើម្បីឲ្យការធ្វើចរាចរ ស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ រៀបចំបើកវគ្គបណ្តុះបណ្តាល ច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូន ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង១៧៖០០ល្ងាច ។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា វគ្គបណ្តុះបណ្តាល ច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានរយៈពេល០២ខែ គិតចាប់ពីថ្ងៃសៅរ៍ ទី០២ ខែមីនា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅអង្គភាពផ្តល់បណ្ណបើកបរយានយន្ត ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរោះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ទៀតថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលរួច បងប្អូនអាចដាក់ពាក្យប្រឡង ទ្រឹស្ដី និងប្រឡងដៃចង្កូត ដើម្បីទទួលបានបណ្ណបើកបរយានយន្តប្រភេទ (ក)។ អាស្រ័យហេតុនេះ សូមអញ្ជើញបងប្អូនអ្នកបើកបរយានយន្ត ប្រភេទដូចបានរៀបរាប់ខាងលើ ត្រូវរួសរាន់សហការ និងចូលរួមវគ្គបណ្ដុះបណ្ដាល ឲ្យបានគ្រប់ៗគ្នា។

រដ្ឋបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ផុតពីរយៈពេល០២ខែ បន្ទាប់ពីការជូនដំណឹងនេះ អាជ្ញាធរមានសមត្ថកិច្ច នឹងរឹតបន្តឹងអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោកជាធរមាន ដោយមិនមានការលើកលែង អធ្យាស្រ័យទៀតឡើយ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖