(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានយកចិត្តទុកដាក់ដឹកនាំកងកម្លាំងបស់កងកម្លាំងដែលជាការងារស្នូល សម្រាប់បន្តវេនក្នុងការចូលរួម ដើម្បីបុព្វហេតុជាតិមាតុភូមិ លើការអភិវឌ្ឍ និងក្រើនរំលឹកដឹកនាំកងកម្លាំងចូលរួមធ្វើពលម្ម អនាម័យបរិស្ថានក្នុងអង្គភាព និងតាមទីសាធារណៈនានា ដើម្បីចូលរួមលើកកម្ពស់ផ្នែកទីក្រុងស្អាត ក៏ដូចជាមានអនាម័យផងដែរ។
ទន្ទឹមនិងនោះ លោកស្នងការនគរបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើអង្គភាព ដើម្បីមានភាពរីកចម្រើនជាបន្តបន្ទាប់ ទាំងវិស័យធនធានមនុស្ស វិន័យសមត្ថភាពវិធានជំនាញ របស់កងកម្លាំងដែល ជាការងារស្នូល សម្រាប់បន្តវេនក្នុងការចូលរួម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញត្រួតពិនិត្យកងកម្លាំងនគរបាល ដែលប្រមូលផ្ដុំ ប្រជុំជួរលំហាត់របៀបវិន័យក្នុងកងជួរ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញ ចូលរួមពី លោក លោកស្រី នាយ នាយរងការិយាល័យ មន្ត្រីនគរបាល និងអ្នកពាក់ព័ន្ធទាំងអស់ដែលចំណុះឲ្យការិយាល័យជំនាញទាំង៣២ផងដែរ។
លោកឧត្តមសេនីយ៍ អ៊ុក កុសល បានបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ លោកបានចូលរួមក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ» ព្រមទាំងចូលរួមរើសសំរាមតាមបណ្ដោយផ្លូវទីសាធារណៈ ក្នុងភូមិសាស្ដក្រុងស្ទឹងសែន ក្នុងគោលបំណងបំផុសស្មារតីដល់ស្រទាប់មហាជនចូលរួមទាំង
អស់គ្នាស្រឡាញ់បរិស្ថាន ទីក្រុងស្អាតមានផាសុកភាពផងដែរ។
លោកបានបន្តថា ព្រឹកនេះលោកស្នងការបានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ ត្រួតពិនិត្យសំរាម ថង់ផ្លាស្ទីក ជំវិញការិយាល័យជំនាញ និងបរិវេនរបស់ស្នងការដ្ឋាន នគរបាលខេត្ត ដោយចូលរួមធ្វើពលកម្ម និងការកែលំអរសោភ័ណ្ឌភាព ដោយនាំគ្នាចូលរួម កាប់ឆ្ការព្រៃដែលជាទីជំរកសត្វមូស ជម្រះស្មៅបោចវល្លិ៍បោសសំអាតកម្ទេចកាកសំណល់ វត្ថុដែលអាចដក់ទឹកបាន យកទៅកំទេច ឬជីកដីកប់ដោយកាក់សំណល់វត្ថុទាំងនេះ វាបង្កឲ្យមានក្លិនស្អុយ ប៉ះពាល់ ដល់សុខភាព មនុស្សសត្វ ដែលរស់នៅជុំវិញនោះ។
លោកបន្ថែមថា «វត្ថុដែលដក់ទឹកបាននេះ បង្កើតដង្កូវទឹក ដែលវាវិវត្តជាមូសខ្លា មកខាំមនុស្សចម្លងជំងឺកាចសាហាវ និងរំខានដល់ ការបំពេញភារកិច្ចជាប្រចាំថ្ងៃ ដូច្នេះហើយទាមទាឲ្យកងកម្លាំង ទាំងអស់ ចូលរួមខិតខំប្រឹងប្រែងអនុវត្តការងារនេះឲ្យបានព្រមៗគ្នា ដើម្បីឲ្យអង្គភាពយើងមានសោភ័ណភាពល្អ»។
លោកឧត្តមសេនីយ៍ អ៊ុក កុសល បានបញ្ជាក់ថា បន្ទាប់ពីធ្វើពលកម្ម រៀបចំទីតាំងឲ្យមានរបៀបរៀបរយរួចមក លោកស្នងការ បានចាត់ចែងកសាងសង់របងថ្មបន្ថែមទៀតដែលប្រវែងប្រមាណ
ជិត ១០០ម៉ែត រៀបផ្ចិតជុំវិញអង្គភាព មិនត្រឹមតែប៉ុណ្ណោះទេនៅក្បែរបងនេះលោកបានរៀបចំកសាងអាគារសម្រាប់កងអន្តរាគមន៍ នៅប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីត្រៀមខ្លួន រង់ចាំអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ក៏ដូចជាត្រៀមកិច្ចប្រតិបត្តិការថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សង្គម និងត្រៀមជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ គ្រប់ពេលវេលាផងដែរ៕