(ឌូបៃ)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និង Bin Zayed Asia LLC គ្រុប បានបញ្ចប់កិច្ចប្រជុំប្រកបដោយផ្លែផ្កាមួយ ក្នុងគោលបំណងស្ដីពី ការអភិវឌ្ឍន៍វិស័យឧបករណ៍និស្សន្ទនៅទីក្រុងឌូបៃ និងបណ្ដាប្រទេសមជ្ឈឹមបូព៌ា។ នេះជាសញ្ញាវិជ្ជមានចំពោះភាពរីកចម្រើនជា សាកលនៃទីផ្សារឧបករណ៍និស្សន្ទ។
កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៥-២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាល Bin Zayed Asia LLC គ្រុប ទីក្រុងឌូបៃសហព័ន្ធអារ៉ាប់រួម។ កិច្ចប្រជុំនោះមានការចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេងរួមមាន៖ លោកបណ្ឌិត Sammy So នាយកប្រតិបត្តិ, លោកស្រី Jen Tran អភិបាល, លោកបណ្ឌិត Raymond Choi ប្រធាននាយកដ្ឋាននីតិកម្ម និងអនុលោមបញ្ញាត្តិ, លោក Lawrence Kook អភិបាល និងលោក Jerry Jreaz ទីប្រឹក្សាអន្តរជាតិ។ ក្នុងនោះក៏មានការចូលរួមតំណាងឱ្យ Bin Zayed Asia LLC គ្រុប ព្រះអង្គម្ចាស់ Sheikh Khaled Zayed Saquer Al-Nahyan អគ្គនាយក, លោក Pramod Chordiya នាយកប្រតិបត្តិ និងលោក Midhat Kidwai នាយកគ្រប់គ្រង ព្រមទាំងមានវត្តលោក Ahmed Bin Sulayem អគ្គនាយកនៃ Dubai Multi Commodities Center លោក Manoj Ghotkar និងលោក Jayesh Nikhade នាយកគ្រប់គ្រង និងអភិបាលនៃ I Port Group។
បន្ទាប់ពីបង្កើតប្រវត្តិសាស្រ្តក្នុងការជំរុញ និងសម្របសម្រួលឱ្យមានទីផ្សារឧបករណ៍និស្សន្ទ ស្រប់ច្បាប់ជាលើកដំបូងនៅកម្ពុជាក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង កំពុងផ្តោតលើការពង្រីកវិសាលភាពរបស់ខ្លួន នៅតំបន់ផ្សេងៗនៃពិភពលោក។
ក្នុងនោះភាគីទាំងអស់បានពិភាក្សាយ៉ាងលម្អិត ដើម្បីបង្កើតយុទ្ធសាស្រ្តសម្រាប់ផែនការអភិវឌ្ឍ ប្រកបដោយភាពជោគជ័យ។ ភាគីទាំងអស់ជឿជាក់ថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងជួយជំរុញ ទីផ្សារឧបករណ៍និស្សន្ទ និងភ្ជាប់ការវិនិយោគរវាងទីក្រុងឌូបៃ និងបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា ក៏ដូចជាប្រទេសជិតខាងផងដែរ។
លោក Lawrence ឲ្យដឹងថា «តាមរយៈកិច្ចប្រជុំនេះយើងនឹងនាំមកនូវការជួញដូរ ដែលប្រកបដោយវិជ្ជាជីវៈរួមជាមួយផលិតផលជាច្រើន ដែលអនុញ្ញាតឱ្យតួអង្គក្នុងទីផ្សារអន្តរជាតិនៅគ្រប់កម្រិតទាំងអស់ អាចមកវិនិយោគនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ (ទីក្រុងឌូបៃ)»។
លោកបន្ដថា ផ្អែកលើយុទ្ធសាស្ត្រ និងភូមិសាស្ត្រយើងមានបំណងពង្រីកអាជីវកម្ម ទៅកាន់ប្រទេសជិតខាងដូចជា៖ ប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថានជាដើម។ លោកថា «ខ្ញុំពិតជារំភើបណាស់ពេលដែលគិតពីសក្តានុពល និងលទ្ធផលនៅពេលអនាគត»។
លោកបន្ដថា ក្រុមហ៊ុន Bin Zayed Asia LLC គ្រុប បានធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន អស់រយៈពេលជាង៣០ឆ្នាំហើយ ដោយបង្កើតក្រុមហ៊ុនជោគជ័យជាច្រើន ក្នុងវិស័យអាកាសចរណ៍, វិស័យហិរញ្ញវត្ថុ និងវិនិយោគ, វិស័យថាមពល, វិស័យវិស្វកម្ម, វិស័យអចលនទ្រព្យ, វិស័យគមនាគមន៍, វិស័យទេសចរណ៍, វិស័យពាណិជ្ជកម្ម និងភស្តុភារ។
ក្នុងនោះព្រះអង្គម្ចាស់ Sheikh Khaled ឲ្យដឹងថា «ដូចគ្នាទៅនឹងសមាជិកដទៃទៀតនៃក្រុមហ៊ុន Bin Zayed Asia LLC គ្រុប ខ្ញុំសូមប្រកាសពីទំនាក់ទំនងយូរអង្វែង ជាមួយក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង។ ខ្ញុំទន្ទឹងរង់ចាំធ្វើការរួមគ្នាជាមួយពួកគេ ដើម្បីភាពរីកចម្រើនដ៏ឆាប់រហ័ស នៃទីផ្សារឧបករណ៍និស្សន្ទនៅទីក្រុងឌូបៃ និងក្នុងប្រទេសនៅមជ្ឈឹមបូព៌ា»។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងក្រុមហ៊ុន Bin Zayed Asia LLC គ្រុបរំពឹងថា នឹងកើតមានក្នុងពេលដ៏ខ្លីខាងមុខនេះ៕