(មណ្ឌលគិរី)៖ នៅក្នុងកិច្ចប្រជុំដែលចំណាយពេលជាង៥ម៉ោង នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ រវាងអាជ្ញាធរខេត្ត រួមនឹងភាគីពាក់ព័ន្ឋជុំវិញខេត្ត, លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាឲ្យមន្រ្តីជំនាញ បោះបង្គោលរបងក្នុងសប្តាហ៍ទីមួយខែមីនា ឆ្នាំ២០១៩នេះ ដើម្បីរក្សាការពារដីមជ្ឈមណ្ឌលភ្នំដោះក្រមុំ ដែលមានទំហំជាង៨០ហិកតាឲ្យនៅដដែល បន្ទាប់ត្រូវបានកាត់ចេញ នូវផលប៉ះពាល់លើកទី៣ សម្រេចចុងក្រោយ។
លោក ស្វាយ សំអ៊ាង បានថ្លែងនៅក្នុងអង្គប្រជុំនាព្រឹកនេះថា រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានអះអាងថា ដីទីតាំងភ្នំដោះក្រមុំពុំត្រូវបានគេរំលោភបំពាននោះឡើយ បន្ទាប់ពីក្រុមអាជ្ញាធរ កាត់ចេញផលប៉ះពាល់ជាលើកទី៣ ហើយក៏ជាលើកចុងក្រោយផងដែរ។ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ទំហំដីទីតាំងភ្នំដោះក្រមុំដំបូង មានចំនួន១០១ហិកតា លើកទី២ មានចំនួន៩១ហិកតា ហើយដីទីតាំងភ្នំដោះក្រមុំ ដែលកាត់ចេញចុងក្រោយ ដែលមានការប៉ះពាល់ជាមួយប្រជាពលរដ្ឋ បច្ចុប្បន្នដីភ្នំដោះក្រមុំនៅសល់ចំនួន៨៥ហិកតា។
លោកបន្តថា ក្រុមការងារគណៈកម្មការចំរុះខេត្ត នឹងចុះបោះបង្គោលជុំវិញទីតាំងដីនេះ ឲ្យបានរួចរាល់នៅក្នុង សប្តាហ៍ទីមួយ ខែមីនា ឆ្នាំ២០១៩នេះ។
សូមជម្រាបថា តបតាមសំណើរបស់គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឱ្យអភិបាលខេត្តមណ្ឌលគិរី ទប់ស្កាត់ជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យបុគ្គលណាទន្រ្ទានយកដីនៅភ្នំដោះក្រមុំ ដែលជាទីសក្ការៈរបស់ជនជាតិដើមភាគតិចឡើយ។
បើតាមលោក ស្រូយ ឆេត អនុប្រធានគណបក្សជនជាតិដើមប្រជាធបិតេយ្យកម្ពុជា បានឱ្យដឹងថា ភ្នំដោះក្រមុំ ដែលជាទីសក្ការៈរបស់ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរីនេះ ត្រូវបានរំលោភបំពានកាប់ទន្ទ្រានបំពាន ដោយឈ្មួញ ប្រជាពលរដ្ឋ និងមន្រ្តីអាជ្ញាធរមួយចំនួន តាំងពីឆ្នាំ២០១៦ ព្រមទាំងបានឈូសឆាយ នៅតាមជើងភ្នំផងដែរ ធ្វើឱ្យប្អូនជនជាតិភាគតិចនៅទីនោះ មានការខឹងសម្បារយ៉ាងខ្លាំង។
ជំនួសមុខឱ្យ ជនជាតិដើមភាគិតិចនៅតំបន់នោះ លោកបានសម្តែងភាពរីករាយ និងអរគុណសម្តេចនាយករដ្ឋមន្រ្តី ដែលបានដកហូតយកភ្នំដោះក្រហមនោះត្រឡប់មកវិញ។ លោកថា ភ្នំដោះក្រមុំ ក្រៅពីទីសក្ការៈបូជា របស់ជនជាតិដើមភាគតិច ក៏ក្លាយទៅជាតំបន់ទេសចរណ៍ ដ៏សំខាន់មួយផងដែរ៕