(រតនគិរី)៖ អភិបាលខេត្តរតនគិរីលោក ថង សាវុន បានអញ្ជើញប្រជុំទ្វេភាគីជាមួយប្រតិភូខេត្តអត្តពឺរបស់ឡាវ ដឹកនាំដោយ លោក ឡេត សៃញ៉ាផន អភិបាលខេត្តអត្តពឺ ដើម្បីពង្រឹងភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២ ដែលជាខេត្តជាប់ព្រំប្រទល់ជាមួយគ្នា។ កិច្ចប្រជុំបានប្រារព្ធធ្វើឡើងនៅសាលាខេត្តរតនគិរីនាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ។
ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំខេត្តទាំង២ បានលើកឡើង និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានទៅវិញទៅមក ក្នុងឋានៈខេត្តជាប់ភូមិផងរបងជាមួយគ្នា សំដៅដោះស្រាយបញ្ហារួមគ្នា និងពង្រឹងទំនាក់ទំនងនៃខេត្តទាំង២ កាន់តែប្រសើរឡើង។
ទន្ទឹមគ្នានេះផងដែរ ថ្នាក់ដឹកនាំខេត្តទាំង២ បានអះអាងឡើងវិញ ក្នុងការប្តេជ្ញាចិត្តធ្វើការរួមគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត លើគ្រប់វិស័យ ពិសេសអនុវត្តនូវសេចក្តីថ្លែងការណ៍រួម កិច្ចប្រជុំកំពូល តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ (CLV) បន្តពង្រឹង និងបង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ច នៃខេត្តទាំង២ ក្នុងការងារការពារបរិស្ថានព្រំដែនឧទ្យានជាតិវីរៈជ័យ ខេត្ត រតនគិរី និងដុងអាំផាម ខេត្តអត្តពឺ បន្តសហការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបង្កភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាពាក់ព័ន្ធគ្រឿងញៀន ការជួញដូរមនុស្ស អាវុធជាតិផ្ទុះ ទំនិញខុសច្បាប់ និងការលួចកាប់ឈើលក់ជាដើម។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្តទាំង២ ប្តេជ្ញាឯកភាពគ្នាគោរពបូរណភាពទឹកដី ចូលរួមសហការជួយដល់គណៈកម្មការចម្រុះក្នុងការបោះបង្គោល ការត្រួតពិនិត្យ ការថែរក្សាបង្គោលខណ្ឌសីមា ធានាបាននូវព្រំដែនមួយមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍន៍ព្រមទាំងបន្តលើកគម្រោងស្នើសុំរដ្ឋាភិបាល ប្រទេសទាំង២លើការអនុម័តការសាងសង់ផ្លូវភ្ជាប់ខេត្តទាំង២ ស្របតាមស្មារតី ដែលបានលើកឡើងក្នុងកិច្ចប្រជុំ CLV កាលពីពេលកន្លងទៅ ក្នុងខេត្តសៀមរាប និងការស្នើសុំបើកច្រកទ្វារខេត្តទាំង២ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការទំនាក់ទំនង សួរសុខទុក្ខបងប្អូន វិស័យសុខាភិបាល ពិសេសគឺការដោះដូរផ្នែកសេដ្ឋកិច្ចទៅវិញទៅមក។
ប្រតិភូខេត្តទាំង២ ក៏បានជំរុញឲ្យមានការរៀបចំតាំងពិព័ណ៌ពាណិជ្ជកម្មប្តូរវេនគ្នា ដើម្បីលើកកម្ពស់ផលិតផល ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការផ្លាស់ប្តូរព័ត៌មានគ្នា ក្នុងរបបគំហើញថ្មីៗ លើវិស័យពាណិជ្ចកម្ម។ ដោយឡែក ពាក់ព័ន្ធវិស័យអប់រំបន្តពង្រឹងសហប្រតិបត្តិការ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ដោយប្រគល់តួនាទីនេះឲ្យមន្ទីរអប់រំ យុវជន និងកីឡា ក្នុងការរៀបចំនិស្សិតចំនួន០៣រូប ក្នុងមួយឆ្នាំ ទៅសិក្សាលើមុខវិទ្យាភាសាខ្មែរ-ឡាវ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តរតនគិរី បានប្តេជ្ញាបន្តសហការផ្តល់ព័ត៌មានគ្នាទៅវិញទៅមក ឲ្យបានទាន់ពេលវេលាពាក់ព័ន្ធទៅនឹងជម្ងឺរាតត្បាតលើមនុស្ស សត្វនៅតាមព្រំដែន បន្តជំរុញអ្នកវិនិយោគលើវិស័យពាណិជ្ជកម្ម ថាមពល រ៉ែ អគ្គិសនី ទេសចរណ៍ និងផ្លាស់ប្តូរវិស័យវប្បធម៌ សិល្បៈ អប់រំ យុវជន និងកីឡា និងបានឯកភាពបន្តរៀបចំកិច្ចប្រជុំ ដោយធ្វើម្ចាស់ផ្ទះប្តូរវេនគ្នាក្នុងរយៈពេល០២ឆ្នាំម្តង។
កិច្ចប្រជុំនេះ បានបញ្ចប់ទៅដោយមានការចុះហត្ថលេខាលើកំណត់ហេតុរួមមួយ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធិស្នាលបំផុតរវាងប្រតិភូថ្នាក់ដឹកនាំខេត្តទាំង២៕