(ភ្នំពេញ)៖ សាច់ញាតិនាយឧត្តមសេនីយ៍ ធឹម សុផា ចំនួន២នាក់ ត្រូវបានផ្ទៃឲ្យទៅបម្រើការងារ នៅអង្គភាពផ្សេងទៀត បន្ទាប់ពីរកឃើញថា មានភាពមិនប្រក្រតីមួយចំនួន ពាក់ព័ន្ធនឹងការចាត់តាំងក្រុមគ្រួសារសាច់ញាតិ ឲ្យបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ។

សេចក្តីប្រកាសក្រសួងមហាផ្ទៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន, បានឲ្យដឹងថា ក្រោយពីមានការចុះផ្សាយជាបន្តបន្ទាប់ តាមប្រព័ន្ធព័ត៌មាន និងបណ្តាញសង្គម អំពីភាពមិនប្រក្រតី ពាក់ព័ន្ធនឹងការចាត់តាំងក្រុមគ្រួសារសាច់ញាតិ នាយឧត្តមសេនីយ៍ ធឹម សុជា ឲ្យបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនសាធារណជនជ្រាបថា ក្រសួងមហាផ្ទៃបានចាត់ឲ្យត្រួតពិនិត្យ ករណីនេះយ៉ាងល្អិតល្អន់ និងបានរកឃើញថា ក្នុងចំណោមមន្ត្រីនគរបាលជាតិ ចំនួន១១នាក់ ដែលត្រូវបានចោទប្រកាន់ខាងលើ មាន៦នាក់ជាប់សាច់ញាតិ នាយឧត្តមសេនីយ៍ ធឹម សុផា ក្នុងនោះមាន៤នាក់ បម្រើការងារនៅអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង។

ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យនេះ ក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ចមន្ត្រី២នាក់ ក្នុងចំណោម៤នាក់នោះ ឲ្យចេញទៅបម្រើការងារនៅអង្គភាពផ្សេង។ ដោយឡែក ចំពោះសាច់ញាតិ ជាមន្ត្រីនគរបាលជាតិ២នាក់ ដែលបន្តបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមបទប្បញ្ញត្តិ ឬលក្ខន្តិកៈជាធរមាន។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបប្រជុំឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ នាថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញ បានជំរុញឱ្យក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នទាំងអស់ ត្រូវពិនិត្យបញ្ហាបក្ខពួកនិយម នៅតាមអង្គភាពចំណុះរបស់ខ្លួន និងត្រូវជ្រើសរើសមន្រ្តីរាជការ ដោយផ្អែកលើស្នាដៃ និងសមត្ថភាពពិតប្រាកដ។

សម្តេចមានប្រសាសន៍ថា សម្តេចមិនគាំទ្រទេ សម្រាប់ថ្នាក់ដឹកនាំស្ថាប័នណាមួយ នៅក្នុងប្រទេសកម្ពុជា យកបងប្អូននិងបក្ខពួក គ្រួសារនិយមរបស់ខ្លួន ចូលបម្រើការងារ នៅក្នុងអង្គភាពណាមួយ ដែលធ្វើឱ្យបាត់បង់នូវជោគវាសនាស្មើៗ គ្នារបស់យុវជនជំនាន់ក្រោយ ហើយការជ្រើសរើសមន្ត្រី ឲ្យចូលបម្រើការងារ ត្រូវតែធ្វើតាមនីតិវិធី៕