(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តាមរយៈបណ្ដាញព័ត៌មាន Fresh News នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមចូលរួមជាមួយ «មូលនិធិហោ ណាំហុង-បូរី ហោ» តាមសទ្ធាជ្រះថ្លា ដើម្បីជួយសង្គ្រោះកុមារពិការ រាប់រយនាក់នៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មូលនិធិហោ ណាំហុង-បូរី ហោ ត្រូវបានបង្កើតឡើង នៅខែមករា ឆ្នាំ២០១៩ ហើយមកដល់ថ្ងៃនេះ បានជួយឧបត្ថម្ភកុមារកំព្រា ពិការ ខ្សោយសតិបញ្ញា និងកើតជំងឺអេដស៍ផង ព្រមទាំងកុមារពិការភ្នែក និងគថ្លង់ បានចំនួន៣០៥នាក់ហើយ នៅបុរីទារក និងកុមារជាតិភ្នំពេញ និងវិទ្យាល័យអប់រំ ពិសេសក្នុងខេត្តកំពង់ចាម ដោយបានជួយឧបត្ថម្ភថវិកាចំនួន៩៦០,០០០,០០០រៀល ក្នុង១ឆ្នាំ។
លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា «តែនៅមានកុមារខ្សោយសតិបញ្ញា និងកើតជំងឺផ្សេងៗជាង១៦០នាក់ទៀត ដែលមូលនិធិនេះចង់ផ្តល់ការឧបត្ថម្ភបន្តទៀត។ ក៏ប៉ុន្តែថវិការបស់មូលនិធិមានកម្រិត ដូចនេះ មូលនិធិហោ ណាំហុង-បូរី ហោ សូមអំពាវនាវ ដល់សប្បុរសជនទាំងអស់ មេត្តាជួយរួមចំណែកតាមសទ្ធាជ្រះថ្លា ដើម្បីជួយសង្គ្រោះកុមារ ពិការរាប់រយនាក់ដ៏កំសត់នេះ»៕