(ព្រះសីហនុ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានណែនាំឲ្យស្ថាប័នផ្ដល់សិទ្ធិវិយោគ និងស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ ត្រូវពិនិត្យមើល និងសិក្សាសវតាក្រុមហ៊ុនបរទេសឲ្យបានច្បាស់ ទោះមកពីប្រទេសណាក៏ដោយ។
ការណែនាំបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩។ នេះបើយោងតាមខ្លឹមសារនៅក្នុង Facebook របស់សម្ដេចក្រឡាហោម ស ខេង។
ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យស្ថានប័នផ្ដល់សិទ្ធិវិយោគ និងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ ត្រូវពិនិត្យមើល និងសិក្សាសវតាក្រុមហ៊ុនបរទេសឲ្យបានច្បាស់ ទោះមកពីប្រទេសណាក៏ដោយ ហើយរដ្ឋបាលខេត្ត ក៏ត្រូវតែយកចិត្តទុកដាក់ចំពោះបញ្ហានេះ ដើម្បីធានាថា ក្រុមហ៊ុនទាំងនោះ នឹងមកឈរជើងនៅកម្ពុជា ដើម្បីតែប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាការលាងលុយកខ្វក់ជាដើមឡើយ។
សម្ដេចក្រឡាហោម ក៏បានថ្លែងទៅកាន់អង្គសន្និបាតដែរថា «យើងមានមោទនភាព ចំពោះការប្រែក្លាយខេត្តព្រះសីហនុ ឲ្យទៅជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់របស់ជាតិ ទោះជាមានឧបសគ្គខ្លះក៏ដោយ»។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីជឿជាក់ថា ថ្នាក់ដឹកនាំខេត្ត និងភាគីពាក់ព័ន្ធ នឹងបន្តរួមគ្នាធ្វើឲ្យសម្រេចបាន ទៅតាមទិសដៅ ដែលក្រសួងបានដាក់ចេញ ពិសេសតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានណែនាំ ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃកន្លងទៅនេះ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទាញចំណាប់អារម្មណ៍អង្គសន្និបាតថា ឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាថែរក្សាបានយ៉ាងល្អ នូវសុខសន្តិភាពទូទាំងប្រទេស បន្តរក្សាបានកំណើនសេដ្ឋកិច្ច ហើយសម្ដេចបានគូសបញ្ជាក់ថា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យផលនៃកំណើននេះ បានទៅដល់ដៃប្រជាពលរដ្ឋ ទោះផ្ទាល់ ឬប្រយោល ពោលគឺមិនមែនបានទៅលើតែក្រុមណាមួយឡើយ។
សម្ដេចក្រឡាហោម ក៏បានថ្លែងជំរុញ និងលើកទឹកចិត្តថ្នាក់ដឹកនាំខេត្ត ភាគីពាក់ព័ន្ធ ត្រូវបន្តខិតខំកែលម្អបញ្ហាប្រឈមនានា ហើយត្រូវប្រឹងប្រែងប្រើប្រាស់សក្ដានុពលខេត្ត ឲ្យកាន់តែទទួល បានផលជូនជាតិពីព្រោះពេលនេះ ខេត្តព្រះសីហនុ បាននិងកំពុងស្រូបយកភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសយ៉ាងច្រើនជាបន្តបន្ទាប់ ដូច្នេះយើងត្រូវប្រែក្លាយឱកាសនេះ ធ្វើយ៉ាងម៉េច ទាញយកប្រយោជន៍ជូនជាតិ និងប្រជាជនឲ្យបានច្រើនបំផុត។
ពាក់ព័ន្ធនឹងលំហូរយ៉ាងច្រើន នៃភ្ញៀវទេសចរបរទេស និងវិនិយោគទុន សម្ដេចបានគូសបញ្ជាក់ថា «យើងមិនត្រូវមានទស្សនៈប្រកាន់ជ្រុលពេកទេនោះទេ ពោលគឺកម្ពុជាមានច្បាប់គ្រប់គ្រងត្រឹមត្រូវ ហើយយើងត្រូវតែអនុវត្តន៍ច្បាប់ឲ្យបានល្អ ទោះជាអ្នកមកនោះជាអ្នកមាន អ្នកក្រ ក្រុមហ៊ុនតូច ឬធំយ៉ាងក៏ដោយ ឲ្យតែចូលមកគោរពច្បាប់ យើងត្រូវស្វាគមន៍ និងជួយសម្របសម្រួល ដើម្បីស្រូបយកផលប្រយោជន៍ជូនជាតិ និងប្រជាជន»។
សម្ដេចក៏បានណែនាំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលខេត្តព្រះសីហនុ ត្រូវទទួលយក និងស្ដាប់រាល់មតិរិះគន់កែលម្អរបស់ប្រជាពលរដ្ឋ ចំពោះការងារគ្រប់គ្រងរដ្ឋបាល ដោយសម្ដេចបានថ្លែងថា កម្ពុជាជាប្រទេស ប្រជាធិបេត្យសេរីពហុបក្ស ពលរដ្ឋមានសិទ្ធិបញ្ចេញមតិ តាមការយល់ឃើញ ដូច្នេះក្នុងនាមអាជ្ញាធរ ត្រូវបំពេញការងារប្រកប ដោយការទទួលខុសត្រូវ និងត្រូវទទួលយកមតិរិះគន់ នោះមកសិក្សា និងដោះស្រាយ៕