(ព្រះវិហារ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីផ្សព្វផ្សាយ និងបើកយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ពិធីនេះស្ថិតក្រោមវត្តមានលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក, លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាព យុវជនកាកបាទក្រហម យុវជនសហភាពសហពន្ធ័យុវជនកម្ពុជា យុវជនកាយឫទ្ធិ និងបងប្អូនសមាគមន៍អ្នករត់ម៉ូតូផងដែរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានថ្លែងថា ការរៀបចំពិធីបើកយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅពេលនេះ ក្នុងគោលបំណងពញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបរទោចក្រយានយន្ត ក៏ដូចជាការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពី ផលប្រយោជន៍ នៃការប្រើប្រាស់មួកសុវត្ថិភាព សំដៅចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តព្រះវិហារយើងឲ្យថយមកកម្រិតទាប។

លោក សំ លាងទ្រី ក៏បានជម្រាបជូនអំពីលទ្ធផលការងាររបស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ដែលអនុវត្តសម្រេចបានកន្លងមករួមមាន៖ ការអប់រំផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក, ការងារចុះត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេស។

តាមរយលោកស្រីរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សំ លាងទ្រី ក៏បានសំណូមពរទៅលោកស្រី សូមជួយសម្រួលក្នុងការដាក់ស្ថានីយ៍ថ្លឹងរថយន្តនៅក្នុងខេត្តព្រះវិហារ ដើម្បីងាយស្រួល ក្នុងការត្រួតពិនិត្យមើលរថយន្តដឹកលើសទម្ងន់។ លោកបញ្ជាក់ថា កន្លងមកយើងពិនិត្យមើលរថយន្តដឹកលើសទម្ងន់ គឺយើងមើលទៅតាមភ្នែកប៉ុណ្ណោះ។

នៅក្នុងឱកាសនោះលោកស្រី មឹន មាណវី និងលោក អ៊ុន ចាន់ដា បានណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវគោរពច្បាប់ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវមានសុជីវធម៌ល្អ និងចេះអធ្យាស្រ័យក្នុងការបើកបរ សូមពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងមួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទាំងអស់គ្នា ក្នុងពេលធ្វើដំណើរទាំងអ្នកបើកបរ និងអ្នករួមដំណើរ។

ការចូលរួមគោរពច្បាប់ចរាចរណ៍ ប្រៀបបានយើងចូលរួមការកាត់បន្ថយភាពក្រីក្រ នៅក្នុងគ្រួសារ និងក្នុងសង្គមជាតិផងដែរ។ ជាមួយគ្នានោះ គណៈអធិបតីបានបំពាក់មួកសុវត្ថិភាពដល់អ្នកចូលរួម និងបានជិះម៉ូតូដង្ហែរក្បួនផងដែរ៕