(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ ដឹកនាំប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ ធនធានមនុស្ស» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកសិក្សា យុទ្ធនារី នៃសាកលវិទ្យាល័យការពារជាតិ។
នេះជាលើកដំបូងហើយ ដែលសាកលវិទ្យាល័យការពារជាតិ បានរៀបចំទិវានារីអន្តរជាតិ ៨មីនា ដែលនាយឧត្តមសេនីយ៍ ជា តារា បានថ្លែងនៅចំពោះមុខ យុទ្ធនារីចំនួន១៦០នាក់ ក្នុងនោះយុទ្ធនារី ជានិស្សិត និងសិក្ខាកាម ចំនួន៦៥នាក់ និងយុទ្ធនារីជាបុគ្គលិកសិក្សា ចំនួន៩៥នាក់ ដែលបាននិងកំពុងបំពេញការងារ ក្នុងមុខតំណែងយ៉ាងសកម្មនៅតាមបណ្តាស្ថាប័ន។
នាយឧត្តមសេនីយ៍បន្ថែមថា អង្គភាពចំណុះសាកលវិទ្យាល័យការពារជាតិ រួមចំណែកក្នុងការអនុវត្តន៍ផែនការ ជាយុទ្ធសាស្ត្រកសាងពង្រឹង សាកលវិទ្យាល័យការពារជាតិ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ និងជាមជ្ឈមណ្ឌលតម្រង់ទិស ក្នុងគោលជំហរទស្សនៈនយោបាយ ការពារជាតិចំទិស ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន។
លោកបន្ថែមថា សាកលវិទ្យាល័យការពារជាតិ បាននិងកំពុងបន្តពង្រឹងសា្ថនភាព និងតួនាទីដ៏សំខាន់របស់ស្រ្តីក្នុងសង្គម លើកស្ទួយសីលធម៌ និងតម្លៃរបស់ស្រ្តីខ្មែរ លុបបំបាត់រាល់ទស្សនៈមើលស្រាល តួនាទីរបស់ស្រី្ត សំដៅលើកកម្ពស់ការចូលរួមរបស់ស្រ្តីឲ្យកាន់តែទូលំទូលាយ និងខ្លាំងក្លាថែមទៀត ក្នុងការកសាង ការពារមាតុភូមិ ជាពិសេសការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យការពារជាតិ។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា បានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានទទួលស្គាល់គុណបំណាច់ នៃការចូលរួមរបស់ស្រ្តី ដោយចាត់ទុកជាឆ្អឹងខ្នង ក្នុងការថែរក្សាសន្តិភាព អភិវឌ្ឍសេដ្ឋកិច្ច និងសង្តម ព្រមទាំងបានដាក់អនុវត្តផែនការ Gender (យេនឌ័រ) ទៅរាល់គោលនយោបាយជាតិ។
សាកលវិទ្យាល័យការពារជាតិ បន្តលើកកម្ពស់សមធម៌យេនឌ័រ ជំរុញភាពអង់អាចរបស់ស្រ្តី ក្នុងកិច្ចការពារជាតិ ដោយជំរុញការងារ អប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន បំពាក់បំប៉នជំនាញបច្ចេកទេស និងផ្តល់កាលានុវត្តភាពដល់ស្រ្តី ក្នុងការបង្កើនឱកាសចូលរួមរៀនសូត្រ សិក្សាស្រាវជ្រាវ ស្តាប់បទឧទេសនាម បាថកថា និងកិច្ចការផ្សេងៗរួមមាន៖
*ជំរុញកម្មវិធីអប់រំសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ សំដៅពង្រីកវប្បធម៌អហិង្សា ការកសាងគ្រួសារ និងសាមគ្គីភាពក្នុងភាពជាដៃគូ ក្នុងការបំពេញការងារ
*ពង្រឹងការអនុវត្តច្បាប់ ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ពិសេសការអនុវត្តផែនការជាតិស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្រ្តី ដើម្បីលុបបំបាត់នូវឥរិយាបថ ប្រើអំពើហិង្សាលើស្រី្ត
*បន្តបង្កើនសមាមាត្រការចូលរួមរបស់ស្ដ្រីឲ្យបានកាន់តែច្រើនឡើង ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិដើម្បីឲ្យស្រ្តី បានចូលរួមកាន់តែសកម្ម ក្នុងការធ្វើសេចក្តីសម្រេចនានា ក៏ដូចជាការកសាងផែនការអភិវឌ្ឍន៍ ក្នុងកិច្ចគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស។
ការរីកចម្រើន និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃប្រទេសជាតិមួយ ប្រព្រឹត្តទៅបានដោយជោគជ័យនោះ គឺត្រូវមានសមាសធាតុផ្សំជាច្រើនដូចជា កត្តាធនធានមនុស្ស ជាសមាសធាតុដ៏ពិសេសមួយ ក្នុងចំណោមសមាសធាតុផ្សំដទៃទៀត។ យ៉ាងណាមិញភាពខ្លាំងក្លារឹងមាំរបស់កងទ័ព មិនមែនមានត្រឹមតែ ការធ្វើទំនើបកម្ម អាវុធយុទ្ធភណ្ឌ និងយោធិនគ្រប់រូបប្រកបដោយឆន្ទៈមោះមុត ស្នេហាជាតិ មាតុភូមិខ្លួនប៉ុណ្ណោះទេ តែត្រូវមានការ សាមគ្គីភាព និងយល់ដឹងទូលំទូលាយជាលក្ខណៈសកល និងមានការចូលរួមយ៉ាងសកម្មពីស្រ្តីដោយមិនអាចខ្វះបាន៕