(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ជា ពិសី ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ បន្តចុះជួបសំណេះសំណាល ដោយផ្ទាល់សមាជិកាសមាគមនារីភូមិ-សង្កាត់ទាំង៧ សម្រាប់មូលដ្ឋានខណ្ឌ ក្នុងការបញ្ជ្រៀបឲ្យកាន់តែទូលំទូលាយនូវ ប្រធានបទ «លើកកម្ពស់សមភាព យែនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» និងចូលរួមអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី ទូច សារ៉ុម សមាជិកាគណៈអចិន្រៃ្តយ៍ គណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។
ប្រធានបទ «លើកកម្ពស់សមភាព យែនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» និងចូលរួមអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩នេះ បើតាមលោកស្រី អាន ផល្លា ជា ពិសី គឺបានធ្វើឡើងជាបន្តបន្ទាប់ ក្នុងគោលគំនិតបញ្ចូលបញ្ជ្រៀបបញ្ហាយេនឌ័រ ទៅក្នុងចរន្តចរិតលក្ខណៈសង្គម ដែលត្រូវបានបង្កើតឡើងជាយុទ្ធសាស្រ្តសកលមួយ សម្រាប់លើកកម្ពស់សមភាពយេនឌ័រ នៅក្នុងវេទិកាសកម្មភាពផ្សេងៗ នៃភាពចាំបាច់ដើម្បីធានាសមភាព យេនឌ័រ នៅក្នុងគ្រប់ផ្នែកទាំងអស់នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក្នុងការវាយតម្លៃផលប៉ះពាល់សកម្មភាពចំពោះស្ត្រី និងបុរស ទាំងច្បាប់, គោលនយោបាយ ឬកម្មវិធី នៅគ្រប់ទីកន្លែង និងគ្រប់កម្រិតទាំងអស់។
លោកស្រី អាន ផល្លា ក៏បានបញ្ជ្រៀបនូវយុទ្ធសាស្ដ្រមួយចំនួនទៀត សម្រាប់ធ្វើឲ្យក្តីកង្វល់ និងបទពិសោធន៍របស់ស្ត្រី និងបុរស ជាផ្នែកសំខាន់ត្រូវបញ្ចូលគ្នា ក្នុងការរៀបចំគម្រោង, ការត្រួតពិនិត្យ និងវាយតម្លៃលើគោលនយោបាយ និងកម្មវិធីលើគ្រប់វិស័យ សេដ្ឋកិច្ច និងសង្គមដើម្បីឲ្យស្ត្រី និងបុរសទទួលបាន អត្ថប្រយោជន៍ស្មើៗគ្នា ជាគោលដៅចុងក្រោយបំផុតនៃការបញ្រ្ជៀប ធ្វើឲ្យមានសមភាពយេនឌ័រ ដែលស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះ ទៅជាការងារ ខិតខំប្រឹងប្រែងអភិវឌ្ឍន៍សង្គម ដើម្បីប្រឆាំងផលវិបាកដោយផ្ទាល់ និងដោយប្រយោលដែលបន្សល់ទុកដោយការរើសអើងកាលពីអតីតកាល។
សូមបញ្ជាក់ថា ក្នុងដំណើរការជួបសំណេះសំណាលជាបន្តបន្ទាប់ដោយផ្ទាល់ រវាងប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ ជាមួយសមាជិកាសមាគមនារីភូមិ-សង្កាត់ទាំង៧ សម្រាប់មូលដ្ឋានខណ្ឌ ក្នុងការបញ្ជ្រៀបឲ្យកាន់តែទូលំទូលាយនូវ ប្រធានបទ «លើកកំពស់សមភាព យែនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» និងចូលរួមអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩នេះ ចំណាយថវិកា ចំនួន៤,១៨០,០០០រៀល បានមកពីសង្កាត់ចំនួន៧ ដែលរៀបចំឡើងដោយលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ។
សម្រាប់សងា្កត់គីឡូម៉ែត្រលេខ៦ ឧបត្ថម្ភថវិកាចំនួន ១,០៦០,០០០រៀល និងសារ៉ុងចំនួន ៥៣សារ៉ុង, សងា្កត់ច្រាំងចំរេះទី១ ឧបត្ថម្ភថវិកាចំនួន ៥៨០,០០០រៀល និងសារ៉ុងចំនួន ២៩សារ៉ុង, សងា្កត់ច្រាំងចំរេះទី២ ឧបត្ថម្ភថវិកាចំនួន ៣០០,០០០រៀល និងសារ៉ុងចំនួន ១៥សារ៉ុង, សងា្កត់ស្វាយប៉ាក ឧបត្ថម្ភថវិកាចំនួន ២៦០,០០០រៀល និងសារ៉ុង ចំនួន១៣សារ៉ុង, សងា្កត់ទួលសង្កែទី១ ឧបត្ថម្ភថវិកាចំនួន ២៦០,០០០រៀល, សងា្កត់ទួលសង្កែទី២ ឧបត្ថម្ភថវិកាចំនួន ៣៦០,០០០រៀល និងសារ៉ុង ចំនួន១៨សារ៉ុង និងសងា្កត់ឫស្សីកែវ ឧបត្ថម្ភថវិកាចំនួន ២,៣២០,០០០រៀល៕