(ភ្នំពេញ)៖ ស្ថានទូតអាមេរិក និងមជ្ឈមណ្ឌល Education USA នៅកម្ពុជា នឹងរៀបចំពិព័រណ៍មួយ ស្តីពីការអប់រំ នៅក្នុងសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០១៩ ដើម្បីបង្ហាញពីឱកាស សិក្សានៅក្នុងសហរដ្ឋអាមេរិក សម្រាប់សិស្សនិស្សិតកម្ពុជា នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតអាមេរិក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ។

ស្ថានទូតអាមេរិកបានឲ្យដឹងថា ពិព័រណ៍នេះ គឺជាកន្លែងពិសេសមួយ សម្រាប់ឲ្យសិស្សនិស្សិតកម្ពុជា ធ្វើការទាក់ទងជាមួយស្ថាប័នឧត្តមសិក្សា នៅក្នុងសហរដ្ឋអាមេរិក ហើយស្វែងយល់ពីអត្ថប្រយោជន៍ ក្នុងការទទួលបានការសិក្សា នៅក្នុងសាកលវិទ្យាល័យ នៅសហរដ្ឋអាមេរិក។ ពិព័រណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង២រសៀល ដល់៦ល្ងាច នាសណ្ឋាគារ Great Duke Hotel អតីតសណ្ឋាគារអាំងទែរ កុងទីណង់តាល់។

នៅឆ្នាំនេះ តំណាង៣០មកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យ នៅសហរដ្ឋអាមេរិក នឹងជជែកជាមួយសិស្សនិស្សិតកម្ពុជា អំពីកម្មវិធីសិក្សា ដែលមានសញ្ញាប័ត្រលក្ខខណ្ឌ ក្នុងការចុះឈ្មោះចូលរៀន និងឱកាសទទួលបានអាហារូបករណ៍ សម្រាប់សិក្សានៅសហរដ្ឋអាមេរិក។

ក្នុងសេចក្ដីជូនដំណឹងបានបន្ថែមទៀតថា អ្នកចូលរួមការតាំងពិព័រណ៌ដទៃទៀត នឹងផ្តល់ព័ត៌មានអំពីទិដ្ឋាការសិស្សនិស្សិត កម្មវិធីផ្លាស់ប្តូររបស់រដ្ឋាភិបាលអាមេរិក និងការផ្តល់ការប្រឹក្សាពីការសិក្សា នៅសហរដ្ឋអាមេរិក (EducationUSA )។

សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យនៅកម្ពុជាទាំងអស់ ដែលមានចំណាប់អារម្មណ៍ ចង់សិក្សាថ្នាក់ឧត្តមសិក្សា នៅសហរដ្ឋអាមេរិក ត្រូវបានស្វាគមន៍ឲ្យចូលរួមនៅក្នុងពិព័រណ៍នេះ។ ឪពុកម្តាយសិស្ស និស្សិត ក៏ត្រូវបានស្វាគមន៍ និងលើកទឹកចិត្តឲ្យចូលរួមផងដែរ។

EducationUSA គឺជាបណ្តាញមួយ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានមជ្ឈមណ្ឌលផ្តល់ប្រឹក្សាដល់និស្សិតអន្តរជាតិ ចំនួន៤០០មជ្ឈមណ្ឌល នៅតាមប្រទេសជាង១៧០ នៅលើពិភពលោក។ បណ្តាញនេះ ផ្សព្វផ្សាយការសិក្សាថ្នាក់ឧត្តម របស់សហរដ្ឋអាមេរិក ទៅកាន់និស្សិតនៅជុំវិញពិភពលោក ដោយផ្តល់ព័ត៌មានថ្មីៗ ពេញលេញ និងត្រឹមត្រូវ ស្តីពីឱកាសសិក្សា នៅតាមស្ថាប័នឧត្តមសិក្សា ដែលមានការទទួលស្គាល់ នៅក្នុងសហរដ្ឋអាមេរិក។

EducationUSA ក៏ផ្តល់ផងដែរ នូវសេវានានាដល់បណ្តាស្ថាសហគមន៍កម្រិតឧត្តមសិក្សា នៅសហរដ្ឋអាមេរិក ដើម្បីឲ្យជួយអ្នកដឹកនាំស្ថាប័នទាំងនោះ អាចសម្រេចនូវការជ្រើសរើស និស្សិតឲ្យចូលរៀន និងធ្វើឲ្យសាលា របស់គេ មាននិស្សិតអន្តរជាតិរៀនច្រើន។ មជ្ឈមណ្ឌល EducationUSA គឺជាប្រភពព័ត៌មានផ្លូវការរបស់អ្នក ស្តីពីការសិក្សាថ្នាក់ឧត្តម នៅក្នុងសហរដ្ឋអាមេរិក៕