(ត្បូងឃ្មុំ)៖ ថ្លែងចេញពីខេត្តត្បូងឃ្មុំ ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ចិន សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា នៅលើពិភពលោកប្រទេសណា ក៏ត្រូវការវិនិយោគពីបរទេសដែរ តែជាការចម្លែកណាស់សម្រាប់ពលរដ្ឋកម្ពុជាមួយចំនួន បែរជាចង់ដេញគេទៅវិញ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ ក៏បានគូសបញ្ជាក់ថា សម្ដេចខំទាក់ទាញអ្នកវិនិយោគចិនមកកម្ពុជា ហើយអ្នកវិនិយោគចិនក៏ចូលមកវិនិយោគ និងអភិវឌ្ឍន៍នៅកម្ពុជា ប៉ុន្ដែបែរជាមនុស្សមួយចំនួនគិតផ្ទុយទៅវិញ ដែលចំណុចនេះហើយ ធ្វើឲ្យសម្ដេចហាក់មានការងឿងឆ្ងល់យ៉ាងខ្លាំង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការវិនិយោគផ្ទាល់ពីបរទេសអ្នកណាក៏ចង់បានដែរ ប៉ុន្ដែចម្លែកតែត្រង់កម្ពុជានេះ នៅពេលដែលចិនចូលមកវិនិយោគយ៉ាងគំហុកនៅក្នុងប្រទេសកម្ពុជា បែរជាមានអ្នកចង់បណ្ដេញចិនចេញទៅវិញ។ ឯងខំទាក់ទងគេឲ្យមកវិនិយោគ យកលុយមកដាក់ស្រុកខ្មែរ»។
នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជារូបនេះ ក៏បានអះអាងថា ការលើកឡើងក្នុងបំណងបន្ទុចបង្អាក់ការវិនិយោគចិននៅកម្ពុជា គឺជាកំហុសនយោបាយក្រៅប្រទេស និងការទាក់ទាញវិនិយោគពីបរទេសមកអភិវឌ្ឍន៍នៅកម្ពុជា។ សម្តេចបន្ថែមថា កម្ពុជាមិនមែនស្វាគមន៍ តែការវិនិយោគរបស់ចិននោះទេ គឺកម្ពុជាស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ប្រទេសទាំងអស់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នការវិនិយោគរបស់ចិន មិនមែនមានតែនៅកម្ពុជា នៅវៀតណាម និងអាមេរិកឡាទិន ក៏មានការវិនិយោគរបស់ចិនយ៉ាងច្រើនផងដែរ ព្រោះចិនជាប្រទេសអ្នកមាន។
សូមជម្រាបថា តាមរយៈទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានធ្វើឲ្យទំហំទុនវិនិយោគរបស់ចិន នៅកម្ពុជាកើន ដល់៦៨០០លានដុល្លារអាមេរិក កាលពីដំណាច់ឆ្នាំ២០១៨ថ្មីៗនេះ។
ទំហំវិនិយោគបានស្ទុះឡើងរហូតដល់ប្រមាណ៦,៨ពាន់លានដុល្លា កើនប្រមាណ៧% ធៀបនិងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិន បន្តស្ថិតនៅជាប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៨៕