(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោកស្រី TINA REDSHAW ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ពៅ សាលីដេត អនុប្រធាសេនាធិការ បានឲ្យដឹងថា ក្នុងកិច្ចជំនួបនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានលើកឡើង អំពីបញ្ហាសំខាន់ៗមួយចំនួន ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើនាពេលកន្លងមកដូចជា បញ្ហាប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបង្រ្កាបការជួញដូរមនុស្ស ការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយទីភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្មជាតិ របស់អង់គ្លេស (NCA) ដែលកន្លងមកភាគីបានរួមគ្នាក្នុងការទប់ស្កាត់ នូវបទឧក្រិដ្ឋឆ្លងដែននានា ដែលពាក់ព័ន្ធទៅនឹងការជួញដូរកុមារ បទល្មើសបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀន។
នៅក្នុងជំនួបនេះ លោកស្រី TINA REDSHAW បានថ្លែងអំណរគុណដល់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលពេលកន្លងមកបានសហការយ៉ាងល្អ ជាមួយស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ក្នុងការជួយដល់ពលរដ្ឋអង់គ្លេស ដែលបានធ្វើដំណើរទេសចរ ឬក៏រស់នៅក្នុងកម្ពុជា ក្នុងពេលជួបគ្រោះថ្នាក់ និងជួយទប់ស្កាត់ការប្រព្រឹត្តបទល្មើស ដោយជនជាតិអង់គ្លេសផងដែរ។ កត្តានេះហើយដែលធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយមានសុខសុវត្ថិភាព ចំពោះភ្ញៀវទេសចរបរទេស ក៏ដូចជាជនជាតិអង់គ្លេសផងដែរ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏បានលើកទឹកចិត្តឲ្យស្ថានទូតអង់គ្គេសប្រចាំកម្ពុជា ក្នុងប្រជុំការងារ HOTLINE ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្វែងយល់អំពីសំណូមពរនានារបស់ស្ថានទូតទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវ ការការពារ អ្នកវិនិយោគិន និងអ្នកទេសចរណ៍បរទេស រួមនឹងជនជាតិអង់គ្លេសផងដែរ។
ជាចុងក្រោយ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានសំណូមពរដល់ឯកអគ្គរាជទូតអង់គ្គេស ក្នុងការបន្តជួយទៅលើការបណ្តុះបណ្តាល និងការកសាងសមត្ថភាពរបស់មន្រ្តីនគរបាលជាតិកម្ពុជា។ ជាការឆ្លើយតប លោកស្រី TINA REDSHAW ក៏បានលើកទឹកចិត្តឲ្យ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្នុងការចាត់មន្រ្តីឲ្យចូលរួមក្នុងការប្រឡងយកអាហារូបករណ៍ ដែលផ្តល់ដោយរដ្ឋាភិបាលអង់គ្លេសផងដែរ៕