(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា ហៅកាត់ថា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់អំណោយជា អង្ករចំនួន ១០៨តោន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង ១២ ក្នុងរាជធានីភ្នំពេញ ដោយអនុសាខានីមួយៗ ទទួលបានអង្ករចំនួន ៩តោន ស្មើនឹង ៣០០កញ្ចប់។
ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកក្រក បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ផ្តាំសួរសុខទុក្ខ និងកោតសរសើរ ដល់សាខាកក្រករាជធានីភ្នំពេញ និងអនុសាខាខណ្ឌទាំង១២ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយតម្លាភាព និងគណនេយ្យភាព ដើម្បីទទួលបានការជឿទុកចិត្ត និងទាក់ទាញការគាំទ្រពីសប្បុរសជនទាំងផ្លូវចិត្តនិងថវិកា សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ឱ្យទទួលបានភាពកក់ក្តៅ និងរស់នៅដោយសុខដុមរមនាក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ទន្ទឹមនឹងនេះ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកក្រករាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំកាកបាទក្រហមកម្ពុជា ប្រកបដោយគតិបណ្ឌិត យកចិត្តទុកដាក់ តាមដាន និងដោះស្រាយភ្លាមៗដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ក្នុងនាមសាខារាជធានីភ្នំពេញ និងអនុសាខាខណ្ឌទាំង ១២ សូមប្តេជ្ញាខិតខំស្វែងរកការគាំទ្រពីសប្បុរសជន ជាពិសេសខិតខំប្រឹងប្រែងរៀនសូត្រពីវីរភាពដឹកនាំ និងអនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីសម្រេចបានភាពជោគជ័យក្នុងភារកិច្ចមនុស្សធម៌ និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតក្នុងបូរណភាពដែនដីរាជធានីភ្នំពេញ។
សូមបញ្ជាក់ជូនថា ចាប់តាំងពីឆ្នាំ២០១៥ រៀងមក កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ដល់អនុសាខាទាំង ១២ខណ្ឌ បានចំនួន១០លើក ដែលមានអំណោយសរុប ៖
* អង្ករចំនួន ១,១៧០តោន
* មី ១៣,២០០កេស
* ត្រីខ ១,៣២០កេស
* ឃីត (មុង ភួយ សារុង ក្រមា) ១៣,២០០កញ្ចប់
* មួកសុវត្ថិភាព ៦០០មួក
* ថវិកា ១២០លានរៀល៕