(ត្បូងឃ្មុំ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានតស៊ូរំដោះប្រទេសជាតិចេញពីភ្លើងសង្គ្រាម រហូតដល់មានការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ បានបបួលក្រុមអ្នកនិយាយថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចកាន់តែក្រទៅៗ ហ៊ានស្បថជាមួយសម្តេចឲ្យស្លាប់ទាំងពូជដែរទេ?។
សម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅវិញថា តើក្រោយពេលកម្ពុជារំដោះចេញពីរបបប្រល័យពូជសាសន៍ មានអ្វីខ្លះ ហើយបច្ចុប្បន្នមានអ្វីខ្លះ? ហើយកុំសម្លឹងមើលឆ្ងាយអី មើលតែជុំវិញខ្លួនឯង គឺឃើញច្បាស់ណាស់ទៅហើយ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ចិន។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «លូវខ្ញុំបបួលស្បថ អ្នកណាដែលថា ខ្ញុំដឹកនាំកាន់តែក្រទៅៗ ខ្ញុំបបួលស្បថ ឥលូវហ៊ានស្បថឬទេ? បើសិនអ្នកឯងហ៊ានស្បថប្រកាសស្បថមក ហើយស្បថដាក់ទាំងពូជតែម្ដង។ អ្នកណាថាក្រទៅៗ ក្រជាងឆ្នាំ១៩៧៩ ឲ្យងាប់ទាំងពូជ ព្រោះនេះជាជំនឿខ្មែរ»។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា បើពួកទាំងអស់នោះមិនហ៊ានស្បថ គឺបានសេចក្ដីថា អ្នកទាំងអស់ទទួលស្គាល់ការពិត ប៉ុន្ដែបើហ៊ានស្បថច្បាស់ជាអាយុខ្លីជាក់ជាមិនខានឡើយ។
សូមជម្រាបថា របាយការណ៍នៃការនាំចេញ-នាំចូលរបស់កម្ពុជា ដែលបង្ហាញដោយក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបរទេសសរុបចំនួន ២៤,៩៨៥លានដុល្លារអាមេរិក។ សម្រាប់ការនាំចេញទំនិញ របស់កម្ពុជាទៅតាមបណ្ដាប្រទេសផ្សេងៗ គិតជាទឹកប្រាក់១១,២១៥លានដុល្លារ តួលេខនៃការនាំចេញនេះមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានត្រឹមតែ១០,៧៧៧លានដុល្លារ។
ដោយឡែក សម្រាប់ការនាំចូលរបស់កម្ពុជាវិញ ក៏មានចំនួនច្រើនផងដែរ ដោយមានចំនួន១៣,៧៧១លានដុល្លារ កើនឡើងជាងឆ្នាំ២០១៧ ដែលមានត្រឹមតែ១៣,០១៩លានដុល្លារ។ ក្នុងឆ្នាំ២០១៨ ការនាំចេញរបស់កម្ពុជា មានការកើនឡើងចំនួន១០% កំណើននេះទទួលបានពីការកើនឡើង នៃវិស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម តាមរយៈការខិតខំបើកច្រកទីផ្សារ ចេញទៅកាន់ជាង១៤៧ប្រទេសនៅទូទាំងពិភពលោក៕