(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពីការចាប់ផ្តើមអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវអភិក្រមទី៥ នោះគឺ «វះកាត់» ចំពោះមន្រ្តីរាជការស៊ីវិល និងមន្រ្តីកងកម្លាំងប្រដាប់អាវុធណា ដែលតាមរំខានដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ចិន នៅថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ នៅខេត្តត្បូងឃ្មុំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «យើងត្រូវធ្វើដំណើរដោយស្វាហាប់ ហើយយើងត្រូវតែយកចេញពីក្នុងស្បែកជើងរបស់យើង គ្រាប់គ្រួសក៏ដោយ ខ្សាច់ក៏ដោយ ត្រូវយកចេញពីជើងរបស់យើងឱ្យអស់ បើមិនដូច្នោះទេ យើងមិនអាចដើរទៅមុខទៀតបានទ ឬក៏យើងដើរទៅវាពងជើងរបស់យើង ឈឺជើងរបស់យើង។...មន្រ្តីរាជការណាដែលធ្វើអំពើផ្តេសផ្តាស់ ត្រូវតែទទួលនូវវិន័យ ដែលពួកគេនឹងត្រូវទទួលនូវការបណ្តេញចេញ ឬក៏ត្រូវទទួលវិន័យធ្ងន់ធ្ងរជាងនេះ ដូចជាការផ្តន្ទាទោសដោយច្បាប់»។
សម្តេចបានបន្តទៀតថា៖ «ទាំងមន្រ្តីរាជការស៊ីវិល ទាំងកម្លាំងប្រដាប់អាវុធ កុំថាអ្នកឯងពាក់ផ្កាយ ពាក់លោកខែក៏ខ្ញុំយកចេញ ពាក្យថា ខ្លាក៏វ៉ៃ ពស់ក៏វ៉ៃ កណ្តុរក៏វ៉ៃ កន្លាត់ក៏វ៉ៃ រុយក៏វ៉ៃ វ៉ៃទាំងអស់ ព្រោះនេះ ខ្ញុំចង់ឱ្យល្បឿននៃការអភិវឌ្ឍរបស់យើងវាទៅមុខ ដោយមិនឈប់ឈរ ហើយឱ្យប្រជាជនទទួលស្គាល់ថា អ្វីដែលគាត់បានប្រឹងបោះឆ្នោតឱ្យគណបក្សប្រជាជន ពួកគាត់នឹងទទួលផលពិតប្រាកដ ពីការអភិវឌ្ឍរបស់យើង ដោយគ្មានការរំខានពីមន្រ្តីដែលស៊ីប្រាក់ខែរបស់រដ្ឋនោះទេ»។
អភិក្រមចំនួន៥ ក្នុងនោះរួមមាន៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា នៃរដ្ឋសភា នីតិកាលទី០៦ ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ អភិក្រមថ្មីនេះ បន្ថែមតែ១ប៉ុណ្ណោះ នោះគឺ វះកាត់ ដែលហាក់ចង់បង្ហាញថា មន្រ្តីណាដែលប្រព្រឹត្តិកំហុស នឹងមិនត្រូវកែលម្អដូចអាណត្តិមុនៗឡើយ៕